ករណីអ្នកជំងឺកុមារ ភេទប្រុស អាយុ ៥ឆ្នាំ បាត់បង់ជីវិតដោយសារជំងឺបួសជើងធ្មេញ និងជំងឺមហារីកគ្រាប់ឈាម
ភ្នំពេញ ៖ មន្ទីរពេទ្យកុមារអង្គរ សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែក ទុក្ខនៃក្រុមគ្រួសារសពកុមារម្នាក់ ភេទប្រុស អាយុ ៥ឆ្នាំ ដែលមានការផ្សព្វផ្សាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ អ្នកជំងឺកុមារ ភេទប្រុស អាយុ ៥ឆ្នាំ បាត់បង់ជីវិតដោយសារជំងឺបួសជើងធ្មេញ និងជំងឺមហារីកគ្រាប់ឈាម។
មន្ទីរពេទ្យកុមារអង្គរ សូមធ្វើការឆ្លើយបំភ្លឺទៅនឹងម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ya Nich ចំពោះការសរសេរបង្ហោះ នូវព័ត៌មានអំពីការស្លាប់របស់កុមារខាងលើនេះ កាលពីព្រឹកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣ នេះ។ ក្រុមគ្រូពេទ្យយើងខ្ញុំ សូមស្រាយបំភ្លឺបញ្ជាក់ដល់ម្ចាស់គណនី រួមទាំងសាធារណៈ ជនទាំងអស់ឲ្យបានជ្រាបច្បាស់ថា កុមារជាអ្នកជំងឺនេះ ត្រូវបានអាណាព្យាបាលនាំមកទទួលការ ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយមានអាការៈឈឺធ្មេញ ហើមធ្មេញ និងហើមចង្ការទាំងសងខាងរយៈពេល ២សប្ដាហ៍ កន្លងមកហើយៗ កុមារបានទទួលការព្យាបាលដោយ ផ្តល់ថ្នាំផ្សះ និងថ្នាំបំបាត់ការឈឺចាប់រយៈពេល ២ថ្ងៃ នៅផ្នែកសុខភាពមាត់ធ្មេញនៃមន្ទីរពទ្យកុមារអង្ករ។
ការឈឺធ្មេញនេះ មិនបានធូរស្រាលហើយកុមារ ត្រូវបាននាំមកមន្ទីរពេទ្យវិញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ ដើម្បីចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទទួលការព្យាបាលជំងឺបូសធ្មេញជាប្រចាំថ្ងៃ ដោយប្រើថ្នាំផ្សះ ការចាក់តាមសរសៃ និងថ្នាំបំបាត់ការឈឺចាប់។ លុះដល់ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ. ២០២៣ វេជ្ជបណ្ឌិតឯកទេសធ្មេញបានធ្វើការពិនិត្យឃើញថា កុមារមានបួសលើជើងធ្មេញចំនួន ៥ធ្មេញ ដែលធ្មេញទាំងអស់នេះរង្គើជិតផ្ទះ និងមានធ្មេញខាងលើពីរទៀតក៏រង្គើជិតជ្រុះផងដែរ (ធ្មេញទាំងអស់ នេះ គឺសុទ្ធសឹងតែជាធ្មេញព្រៃ)។ សូមបញ្ជាក់ថា ជំងឺឫសជើងធ្មេញនេះមានសភាពធ្ងន់ធ្ងរដែលត្រូវធ្វើការ ព្យាបាលដោយការដកធ្មេញ ដែលមានខ្ទុះជើងធ្មេញចេញដោយការដាក់ថ្នាំសណ្តំឱ្យអ្នកជំងឺសន្លប់ក្នុង បន្ទប់វះកាត់ ចំពោះស្ថានភាពធ្មេញទាំងនេះ គឺនឹងត្រូវជ្រុះដោយខ្លួនឯងឆាប់ៗទោះបីជាមិនធ្វើការដក ចេញក៏ដោយ។ ក្នុងករណីនេះ ប្រសិនបើមិនធ្វើការដកធ្មេញឱ្យបានឆាប់ទេ កុមារអាចប្រមទៅនឹងជំងឺ មួយចំនួនដូចខាងក្រោមដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត៖
រលាកឆ្អឹងចង្ការ មានជំងឺមេរោគក្នុងឈាមធ្ងន់ធ្ងរ រលាកស្រោមខួរ រលាកសាច់ដុំបេះដូង។
ក្រោយមកក្នុងពេលសម្រាកពេទ្យ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារអង្គរដែលរួមមានវេជ្ជបណ្ឌិត ឯកទេសជំងឺកុមារ វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ វេជ្ជបណ្ឌិតឯកទេសសរសៃប្រសាទ វេជ្ជបណ្ឌិតវះកាត់ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងវេជ្ជបណ្ឌិតឯកទេសតម្រងនោម ដោយមានការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកមកពីសហរដ្ឋអាមេរិក។
ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារអង្គរទាំងអស់ សូមអះអាងប្រកបដោយភាពជឿជាក់ថា បានធ្វើការយ៉ាងយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ និងបានធ្វើការប្រឹក្សាអំពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺជាប្រចាំដល់អាណាព្យាបាល និងទទួលបាននូវការអនុញ្ញាតពី អាណាព្យាបាលកុមារ ធ្វើការវិភាគវេជ្ជសាស្ត្រ ធ្វើស៊ីធីស្កេន ធ្វើការច្របខួរឆ្អឹង ធ្វើការបូមឈាម ធ្វើការថត សួត ធ្វើការថតពោះ ធ្វើការច្រឹបសាច់នៅករបស់អ្នកជំងឺ ដើម្បីធ្វើរោគវិនិច្ឆ័យ និងបានរកឃើញថា កុមារ មានជំងឺមហារីកគ្រាប់ឈាម ហើយបានរីករាលដាលទៅដល់សរីរាង្គជាច្រើន ពាសពេញរាងកាយ ដូចជា ថ្លើម តម្រងនោម ពោះវៀន កូនកណ្តុរក្រោមថ្គាម ឆ្អឹងថ្គាម និងវាលទៅដល់ខួរក្បាលទៅហើយ។ ដូច្នេះ កុមារមានសភាពជំងឺធ្ងន់ធ្ងរខ្លាំង ដែលជាប្រភេទជំងឺមិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ ដែលទោះបីជាក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យកុមារអង្គរ យើងបានខិតខំប្រឹងប្រែងតាមវិជ្ជាជីវៈវេជ្ជសាស្ត្រ និង អស់ពីលទ្ធភាពហើយក៏ដោយ។
ជាថ្មីម្តងទៀត មន្ទីរពេទ្យកុមារអង្ករ ពិតមានការសោកស្តាយជាខ្លាំង និងសូមចូលរួមរំលែកទុក្ខ
យ៉ាងក្រៀមក្រំនេះជាមួយគ្រួសារនៃសព និង សូមស្នើសុំឲ្យម្ចាស់គណនី ឈ្មោះ Ya Nich ធ្វើការកែតម្រូវ ព័ត៌មានដែលបានផ្សព្វផ្សាយឲ្យបានត្រឹមត្រូវឡើងវិញ និងធ្វើការបញ្ឈប់ការផ្សព្វផ្សាយបន្ត បើពុំនោះទ មន្ទីរពេទ្យកុមារអង្គរ នឹងចាត់វិធានការតាមច្បាប់៕