ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងមន្ត្រីរាជការកម្ពុជាប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅខេត្តសៀមរាប
សៀមរាប ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រារព្ធកិច្ចពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ។
កិច្ចពិធីនេះធ្វើឡើង នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០២៣ ដែលរួមមាន៖ ១.ពិធីអុជធូប ថ្វាយផ្កានៅព្រះអង្គចេកព្រះអង្គចម (មុខព្រះរាជដំណាក់)។ ២. បួងសួងនៅមុខរូបសំណាកមេទ័ពទាំង១២។ ៣. ថ្វាយគ្រឿងសក្ការថ្វាយលោកយាយទេព។ ៤.ថ្វាយគ្រឿងសក្ការថ្វាយព្រះឥន្ទ្រកោសីយ៍។
ពិធីនោះផងដែរក៏មានវត្តមានលោកជំទាវ ហង់ ភារី អ៉ឹមសិទ្ធី លោក ជំទាវ អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯ.ឧ ទៀ សីហា អភិបាលខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកមុខអ្នកការនៃបណ្តាអង្គភាពជាច្រើនផ្សេងទៀត។
លោកជំទាវ ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ហើយជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឱ្យប្រទេសជាតិរួចផុតពីជំងឺតម្កាត់ គ្រោះកាចចង្រៃ គ្រោះរាំងស្ងួត និងទទួល បានមកវិញនូវសេចក្ដីសម្បូរសប្បាយជានិច្ចនិរន្តរ៍។
លើសពីនេះ លោកឃំទាវ ម៉ែន សំអន ក៏បាន បួងសួងសូមឱ្យការរៀបចំពិធីអង្គរសង្រ្កាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដំណើរការទៅតាមផែនការដែលបានគ្រោងទុក៕. សំរិត