ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនប្រដាប់អាវុធម្នាក់ បាញ់ប្រហារលើសមត្ថកិច្ច១០គ្រាប់ ត្រូវ​ប្រជាការពារម្នាក់ របួសធ្ងន់ ពេលកំពុងប្រតិបត្តិការ បង្ក្រាបបទល្មើស ត្រូវចាប់ខ្លួន

190


​ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនប្រដាប់អាវុធម្នាក់​ ស្លៀកពាក់ស៊ីវិល​ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម បានបាញ់ប្រហារលើសមត្ថកិច្ច១០គ្រាប់ ទៅលើសមត្ថកិច្ចកំពុងដេញបង្ក្រាប ក្រុមក្មេងទំនើង រត់ចែកជើងគ្នាបាត់អស់ និងបណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើងចំជើងស្តាំ​ រងរបួសធ្ងន់​។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១រំលងអធ្រាត្រ​ ឈានចូលថ្ងៃ​សុក្រ ទី១២ ខែតុលា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចទល់​មុខផ្ទះល្វែងA4 ស្ថិតតាមផ្លូវបេតុង ភូមិ​គង្គារ​ផុស ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យដែលជាខ្មាន់កាំភ្លើង មានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ​ មន្ត្រីអាវុធហត្ថ​លើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២​ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋា និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើស ចោរ​លួច ឆក់​ ប្លន់​ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង​ កំពុងវាយតប់គ្នា គ្រាន់តែឃើញ​សមត្ថកិច្ចភ្លាម​ក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូ(មិនចាំម៉ាក​)រត់គេចខ្លួន ភ្លាមនោះ​កម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបំរុងនិងធ្វើការឃាត់សុំឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់​ស្លៀកពាក់ស៊ីវិល​ ហើយនៅក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាកឡុក (GLock) ពណ៌ខ្មៅ​ បានបាញ់ចំនួនមួយគ្រាប់ ក៏ផ្អើលសមត្ថកិច្ចនគរបាល ប្រាប់ឲ្យកម្លាំងពួនក្រាបរកកន្លែងមានសុវត្ថិភាពសិន​ និង រាយការណ៍តាមវិទ្យុទាក់ទង សុំកម្លាំងជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ ។ ក្នុងឱកាសនោះសមត្ថកិច្ចកំពុង​រកកន្លែងសុវត្ថិភាព ​ក្រុមក្មេងទំនើងទាំងនោះ បានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់ ។

ក្រោយមក​ជនស៊ីវិលរូបនោះ ក៏បានបាញ់បន្តទៀត បណ្ដាលឲ្យ​ប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងស្តាំ​រងរបួសធ្ងន់​ផងដែរ សរុបចំនួន១០គ្រាប់បន្តបន្ទាប់គ្នា រហូតដល់សលតែមួយគ្រាប់​ ទើបសមត្ថកិច្ចនគរបាល ប្រដាប់ដោយកាំភ្លើងAK បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលប្រដាប់អាវុធនោះ រួចធ្វើការដកហូត​កាំភ្លើងខ្លីមួយដើម​ យករក្សាទុកធ្វើជាវត្ថុតាង រួចវាយខ្នោះ រងចាំកម្លាំងមកយកទៅសាកសួរបន្ត នៅ​អធិការនគរបាលខណ្ឌឫស្សីកែវ ។ ចំណែកឯប្រជាការពារ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ​ ត្រូវបាន​រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន រស្មី មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួយសង្គ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកឃើញ​សម្បកគ្រាប់​ ចំនួន​១០គ្រាប់។ ចំណែក ជនប្រដាប់អាវុធរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធី នៃច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង