បញ្ជូនជនសង្ស័យ ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៍សថ្លា ០៩កញ្ចប់(ប្រភេទម៉ាទឹកកក)។
ជនសង្ស័យទាំង ៦នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន រួមមាន៖
១/ ឈ្មោះ បូ នី ភេទប្រុស អាយុ ៣១ឆ្នាំ ,២/ ឈ្មោះ ម៉ៅ វុធ ហៅក្រុត ភេទប្រុស អាយុ ៣១ឆ្នាំ ពួកគេទាំង ២នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន ក្រោយពេលដែលពួកគេប្រើប្រាស់គ្រឿងញៀន ហើយបានបន្តទៅលួចកាត់ខ្សែរភ្លើង និងដែក កាលពីវេលាម៉ោង១:០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្លូវ៦០ម៉ែត្រក្បែររបងអគ្គិសនី ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ ៤នាក់ ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះមាន៖
១/ ឈ្មោះ ច្រឹក ផាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ ,២/ ឈ្មោះ សួស សុខឡេង ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:១០នាទី នៅចំណុច ផ្លូវបេតុងជាប់របងវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ ឈ្មោះ ប៉ិល ឡែន ភេទប្រុស អាយុ ៣៨ឆ្នាំ (ធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទមនុស្សឃាត)
៤/ ឈ្មោះ ហឹម សុភាស់ ហៅពៅ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០:៣០នាទី នៅចំណុច ផ្លូវលំ ក្រុមទី៩ ភូមិព្រែក ទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការសាកសួរ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង ៦នាក់ ខាងលើ បានប្រាប់ឲ្យដឹងថា ពួកគេ ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំង ៩កញ្ចប់នេះ គឺពួកខ្លួនបានទិញយកមកប្រើប្រាស់ទាំងអស់គ្នា ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕