ចាប់មនុស្ស៣នាក់ដែលវាយ អ្នករត់តាក់ស៊ីស្លាប់ ក្រោយបង្កគ្រោះថ្នាក់ចរាចរ នៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ បើតាមមន្ត្រីនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានឲ្យដឹងថាអំពើឃាតកម្មលើអ្នករត់តាក់ស៊ី ដែលក្រុមអ្នកផឹកស៊ីត្រួតគ្នាវាយរហូតដល់ស្លាប់ នៅក្រុងបាវិត សមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យបាន៣នាក់ នៅថ្ងៃទី១១ តុលា ២០១៨ មកសាកសួរនៅស្នងការនគបាលខេត្ត និងបានបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ហើយនៅរសៀល ថ្ងៃទី១២ តុលា ២០១៨នេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការសាកសួរ បន្តតាមនីតិវិធីមិនទាន់ដឹងថា ចោទប្រកាន់ពីបទអ្វីនៅឡើយទេ ។
សូមបញ្ជាក់ថា អ្នករត់តាក់ស៊ីម្នាក់ ត្រូវបានក្រុមជនបង្កជាច្រើននាក់ព្រួតវាយរហូតដល់ស្លាប់ ហើយអូសសពយកទៅចោលកណ្តាលព្រៃដើមប្រេងខ្យល់ ដោយសារជនរងគ្រោះ បើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ។ បុរសរងគ្រោះបាបបើកម៉ូតូចេញពីកន្លែងផឹកស៊ីឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា អ្នករត់តាក់ស៊ីដែលត្រូវគេប្រួតវាយសម្លាប់នោះឈ្មោះ គុជ សំអៀត ភេទប្រុស អាយុ៣២ឆ្នាំ(អតីតជាគ្រូសូត្រ ស្តាំវត្តពេជ្រមន្ត្រី២០០២ ដល់២០០៦) មុខរបររត់តាក់ស៊ី មានទីលំនៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ។ កាលពីថ្ងៃទី៨ តុលា ២០១៨ វេលាម៉ោងប្រមាណជា១០ និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិកម្ពោធលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រវាងរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2C- 3952 បើកបរដោយជនរងគ្រោះឈ្មោះ គុជ សំអៀត ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ចេញពីកន្លែងផឹកស៊ី បើកឆ្លងផ្លូវពីត្បូង មកជើងបត់ឆ្វេងក៏បុកពេញទំហឹង ចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យរងរបួសបាក់ជើងបែកក្បាលធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង។
ខណៈនោះ អ្នករត់តាក់ស៊ី មិនបានបើករត់គេចទេ ពេលនោះបានឈប់រថយន្ត ហើយចុះទៅគោលបំណងជួយលើកជនរងគ្រោះ ។ ស្របពេលនោះ ស្រាប់តែមិត្តភក្តិ និងសាច់ញាតិជនរងគ្រោះ នៅកន្លែងផឹកស៊ីបានចេញមក ហើយបានដេញព្រួតគ្នាវាយអ្នកបើករថយន្តតាក់ស៊ី បណ្តាលឲ្យស្លាប់ រួចអុសសពជនរងគ្រោះ ទៅចោលក្នុងព្រៃដើមប្រេងខ្យល់ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ស្ថិតនៅភូមិគម្ពោធជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ក្រោយមក សមត្ថកិច្ចនគបាលសង្កាត់ព្រៃអង្គុញ បានមកដល់ឃើញ តែរថយន្ត និងម៉ូតូនៅកណ្លាលថ្នល់ ។ រីឯជនរងគ្រោះឈ្មោះ សោម ម៉ាញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជួសជុលទូរទស្សន៍ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវសាច់ញាតិហៅរថយន្តសាមុយ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ ដោយជនរងគ្រោះរបួសបាក់ជើង និងបែកក្បាលធ្ងន់ធ្ងរ ត្រូវគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ដើម្បីសង្គ្រោះ ។
ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រៃអង្គុញ ដើម្បីដោះស្រាយតាមច្បាប់ ។
ប្រភពដដែលបន្តទៀតថា មុនដំបូងសមត្ថកិច្ច បានសន្និដ្ឋានថា ក្រោយពីគ្រោះថ្នាក់ចរាចរ អ្នកបើកបររថយន្តរត់គេចខ្លួន សមត្ថកិច្ច ក៏ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត អ្នកបង្កឲ្យមកទទួលខុសត្រូវ ប៉ុន្តែនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៩ តុលា ២០១៨ ប្រជាពលរដ្ឋ បានរាយការណ៍ថា មានមនុស្សដេកស្លាប់នៅក្នុងព្រៃដើមប្រេងខ្យល់ នៅភូមិគម្ពោធជ្រូក សង្ស័យជាអំពើឃាតកម្ម សមត្ថកិច្ចក៏បានរាយការណ៍ មកលោកស្នងការនគបាលខេត្ត ចាត់មន្ត្រីការិយាល័យបច្ចេកទេស ស្នងការដ្ឋាននគបាលខេត្ត សហការជាមួយមន្ត្រីសុខាភិបាល ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យធ្វើការសន្និដ្ឋានថា ពិតជាអំពើឃាតកម្ម នៅកន្លែងផ្សេង ហើយយកមកផ្លុងចោលនៅទីនោះ គឺជនរងគ្រោះត្រូវក្រុមជនដៃ ដល់ចាប់ជ្រមុជក្នុងទឹកភក់ល្បាប់ បណ្តាលឲ្យស្លាប់ ។បន្ទាប់ពីស្រាវជ្រាវរកអត្តសញ្ញាណ ទើបដឹងថា សពជនរងគ្រោះជាអ្នកបើកតាក់ស៊ី បង្កឲ្យមានគ្រោះថ្នាក់ចរាចរ នៅភូមិគម្ពោធលៀប ទើបធ្វើការស្រាវជ្រាវបន្ត ដើម្បីរកក្រុមឃាតករយកមកផ្តន្ទាទោសតាមច្បាប់ ។
លោកទី កុសល ប្រធានចំណតតាក់ស៊ីក្រុងបាវិត បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ( គុជ សំអៀត ) បានរត់តាក់ស៊ីដឹកអ្នកដំណើរ ជាជនជាតិចិន ពីភ្នំពេញទៅកាស៊ីណូ នៅក្រុងបាវិត លុះមកដល់ម្តុំសង្កាត់ព្រៃអង្គុញ ក្នុងម៉ោងប្រមាណជា១០ជាងក៏ជួប នឹងគ្រោះថ្នាក់ចរាចរ គឺឡានរបស់គាត់ បានបើកប៉ះម៉ូតូដែលចេញពីកន្លែងផឹកស៊ីមួយកន្លែង បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងបែកក្បាលរងរបួសធ្ងន់ ហើយប្រហែលជាគាត់ ចុះពីឡានមក ដើម្បីដោះស្រាយ ហើយក៏ត្រូវគ្នីគ្នារបស់អ្នកជនរងគ្រោះនោះវាយធ្វើបាបរហូតបាត់ខ្លួន ទាល់តែដល់រសៀលថ្ងៃទី៩ តុលា ២០១៨ ទើបបានរកឃើញដេកស្លាប់ នៅចម្ការប្រេងខ្យល់ ចម្ងាយពីកន្លែងគ្រោះថ្នាក់ប្រមាណជា១គីឡូម៉ែត្រ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួច បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯក្រុមគ្រួសារសព បានអំពាវនាវសុំឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមមន្ត្រីនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីកុយ សុភាព ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានបើកការស៊ើបអង្កេត រហូតកំណត់មុខសញ្ញាជនសង្ស័យបាន៣នាក់ នៅថ្ងៃទី១១ តុលា ២០១៨ មកសាកសួរនៅស្នងការនគបាលខេត្ត ហើយបានបញ្ជូនទៅតុលាការ។
បើតាមប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា នៅកន្លែងផឹកស៊ីមុនកើតហេតុមានអ្នកផឹកស៊ីប្រមាណជា៨នាក់ ពេលកើតហេតុគ្រោះថ្នាក់ចរាចរ ក្រុមអ្នកផឹកនោះ បាននាំគ្នាដេញតាមវាយជនរងគ្រោះរត់ចូលទៅក្នុងភូមិ ក៏បាត់ដំណឹងទៅ ។
រហូតមកដល់ថ្ងៃទី១២ តុលា ២០១៨នេះ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការសាកសួរបន្តតាមនីតិវិធី៕