ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយលុបចោល ការយកថ្លៃភាស៊ីចូលខែត្តកែប ចាប់ពីថ្ងៃនេះតទៅ

48

 

ភ្នំពេញ ៖ ក្រោយពីមានមតិប្រជាពលរដ្ឋ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក អំពីការចំណាយប្រាក់ ថ្លៃភាស៊ីចូលទៅតំបន់កម្សាន្តមាត់ឆ្នេរខេត្តកែប, សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាអោយលុបចោល ការយកថ្លៃភាស៊ីចូលខែត្តកែប ចាប់ពីថ្ងៃនេះតទៅ។

សារសំឡេងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្ដម អភិបាលខេត្តកែប ពាក់ព័ន្ធនឹងការបង់ប្រាក់ឆ្លងកាត់ខេត្តកែប នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចជោ បានថ្លែងថា ហួសចិត្តចៅហ្វាយខេត្តនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ល្ងង់ដល់ថ្នាក់នឹង យកលុយពីពលរដ្ឋចូលខេត្ត ។ ក្រោយទទួលព័ត៌មានពីពលរដ្ឋតាមហ្វេសបុក សម្ដេចបានបញ្ជាដាច់ណាត់ លុបចោលទាំងស្រុងរាល់កិច្ចសន្យាយកលុយនេះភ្លាម ហើយមិនត្រូវឱ្យកើតឡើងទៀតទេ ។

សម្តេចតេជោ តាមរយៈសារសំឡេង លើបណ្តាញតេឡេក្រាម នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ខ្ញុំទើបនឹងដឹងព្រឹកមិញនេះទេ ដែលអ្នកដែលឆ្លងកាត់ខេត្តកែប ទាំងប៉ុន្មានត្រូវបង់លុយ ខ្ញុំអត់នឹកស្មានថា មានរឿងនឹងកើតឡើងទេ ។ ខ្ញុំបញ្ជាឲ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច នឹងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុង នូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់សម្រាប់ការចូលខេត្ត ដែលហៅថា ភាស៊ី។ ទង្វើនេះ មិនមែនជារឿងដែលគួរ ហើយវ័យឆ្លាតនោះឡើយ ផ្ទុយទៅវិញសម្តេចចាត់ទុកទង្វើបែបនេះ ជាទង្វើឆោតល្ងង់ សម្រាប់ខេត្តកែប និងស្ថាប័នដែលអនុញ្ញាតិឲ្យធ្វើបែបនេះ ។

សម្តេចតេជោ បានដាក់បទបញ្ជាថា មិនឲ្យមានការយកប្រាក់ប្រជាជនទេ។ ប្រសិនបើយកប្រជាជនទៅលេង នៅកន្លែងនោះ លោកឯងនឹងចំណេញច្រើនជាង ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងនោះទេ នេះខ្ញុំចេះរកឃើញ តាមរយៈហ្វេសប៊ុក ដែលគេបង្ហោះ ហើយរឿងនេះវាកើតអញ្ជឹងមែន។

សម្តេចបានបញ្ជាក់ថា ខ្ញុំបញ្ជាដាច់ណាត់តែម្តង ឲ្យបញ្ចប់ មិនឲ្យមានរឿងនឹងកើតឡើងសាជាថ្មីនោះទេ។

ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រាបជូនសាធារណជនថា “បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅ (១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំ ក្រុមវិនិយោគបញ្ឈប់មិនឲ្យយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរី នៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្តេចតេជោ” ។

ថ្មីៗនេះ លើបណ្តាញសង្គម មានការបង្ហោះខ្លឹមសារ ថ្អូញថ្អែលរបស់ប្រជាពលរដ្ឋលើបណ្តាញសង្គមថា (ទីក្រុងកែប) គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែរជាត្រូវមកខកចិត្តនិងរឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើន តែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងមេចវិញ លោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀត តើលោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជា មកយកលុយទាំងអស់បែបនេះ។ សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង៕

អត្ថបទដែលជាប់ទាក់ទង