ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដកបញ្ឈរជើងមន្ត្រីចរាចរណ៍ពីររូប និងមន្ត្រីកិច្ចសន្យាមួយរូប ហៅរថយន្តមិនបានត្រឹមត្រូវ នៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង

53

ភ្នំពេញ: បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំង មន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។ ការដកបញ្ឈរជើងនេះ បន្ទាប់ពីហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង នៅគោលដៅស្ដុបស្ពានអាកាស ៥មករា។

សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណា ដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង