សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានពលរដ្ឋខ្មែរ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈរបស់ សាលារាជធានីភ្នំពេញដោយ មិនគិតថ្លៃ ឱកាសបុណ្យចូលឆ្នាំថ្មី ហើយបានកសាងអនុស្សាវរីយ៍ជាមួយគ្នា ហើយសម្តេចស្វាគមន៍ប្រសិនបើមានបុរសនារី ដែលបានស្គាល់គ្នាតាមរថយន្តក្រុងពេលនោះ អញ្ជើញសម្តេច នៅពេលរៀបការ
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ធ្វើជាមេដឹកនាំគេ ខ្ញុំមិនមែនចាត់ទុកប្រជាជនជាកូនជាចៅខ្ញុំនោះទេ ខ្ញុំការពារថែរក្សាពួកគេដូចជាឪពុកម្តាយរបស់ខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្តរហ័ស នៅពេលដែលមានការជួបជុំផ្សេងៗហើយ បន្ទាប់ពីពុំមានអត្រាឆ្លងទាល់តែសោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ពលរដ្ឋតាមដានសុខភាពរបស់ខ្លួន ទោះបីជា ជំងឹកូវីដ១៩ បានថមថយ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងចំណោមវាល៣ ដែលមាននៅក្នុងពុទ្ធទំនាយ គឺកម្ពុជាយើង បានឆ្លងផុតចំនួន២ទៅហើយ ប៉ុន្តែវាលទី៣ មិនងាយនឹងឆ្លងផុតនោះទេ នោះគឺបញ្ហាសុខភាពនេះតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ដែលឈរជើងការពារ និងសម្រួលដល់ពលរដ្ឋខ្មែរកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងក៏គួរមើលឃើញអំពីវីរភាពរបស់គ្រូពេទ្យ ដែលឈរប្រចាំការងារ ក្នុងពេលដែលពលរដ្ឋលេងកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំផងដែរ។សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងខិតខំជួយធ្វើឱ្យវិស័យសុខាភិបាលរបស់យើង កាន់តែល្អប្រសើរ។
នេះជាលើកទី ៤ ដែលសម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិ។ អគារសម្ភពនេះមានកម្ពស់ ៤ ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០ គ្រែ។ អគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។
អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញាឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះមានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាល៕