ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់

78

 

ព្រះសីហនុ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់។

សមត្ថកិច្ចបានឲ្យដឹងថាយោងតាមលទ្ធផលនៃការស្រាវជ្រាវបណ្តឹងលេខ Hotline ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង00នាទី មានជនជាតិខ្មែរ ភេទប្រុស ប្តឹងថាមិត្តភិក្តគាត់ឈ្មោះ KO HUNGCHI ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ: 351321656 ត្រូវបានគេបង្ខាំងបង្ខំអោយធ្វើការងារ ដោយប្រើខ្នោះដៃចាក់ជាប់គ្រែ មិនអោយចេញក្រៅ នៅកាស៊ីណូ ស៊ីងធានឌី ជាន់ទី៧ បន្ទប់លេខ ៧១៥ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានអាជ្ញាបណ្ណកាស៊ីណូលេខ ០៩៤ គ.ល.ក មានសុពលភាព ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ម្ចាស់គ្រប់គ្រងឈ្មោះ ឬទ្ធី រស្មី ភេទប្រុស។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទីតាំងមកទីតាំងខាងលើ។

សមត្ថកិច្ចបន្ថែមថា ក្រុមការងារ បានបើកទ្វារបន្ទប់លេខ៧១៥ ជាន់ទី ៧ ឃើញមាន២បន្ទប់ បន្ទប់ខាងក្រៅមានបុរសជនជាតិខ្មែរចំនួន ២នាក់ កំពុងដេកយាម ជនក្នុងបណ្តឹងឈ្មោះ KO HUNGCHI ដែលស្នាក់នៅបន្ទប់ខាងក្នុង រួចបានធ្វើការត្រួតពិនិត្យ ឃើញនៅលើគ្រែជនជាតិខ្មែរ មានសំភារៈដូចជា ខ្នោះដៃ ,ខ្សែររឹត ,អាវុធខ្លី ១ដើម បង់១ គ្រាប់ចំនួន៨។ ហើយក្រុមការងារបន្តស្រាវជ្រាវរកឃើញជនដៃដល់ឈ្មោះហៅក្រៅ BAO GE នៅជណ្តើរយន្ត ជាន់ទី៧។

ក្រុមការងារបានសម្រេចនាំខ្លួនមនុស្សចំនួន៤នាក់ ៖១.ឈ្មោះ KO HUNGCHI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់)កាន់លិខិតឆ្លងដែនលេខ: 351321656 (ជនក្នុងបណ្តឹង), ២.ឈ្មោះ ស៊ុន ចន្ថា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ អត្តសញ្ញាណបណ្ណលេខៈ 110107879 (អ្នកបង្ខាំងមនុស្ស), ៣.ឈ្មោះ ឆន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ អត្តសញ្ញាបណ្ណលេខៈ 250198277(អ្នកបង្ខាំងមនុស្ស) និង៤.ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជនជាតិចិន (អ្នកបញ្ជាអោយបង្ខាំងមនុស្ស)មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។

យោងតាមលទ្ធផលនៃការសាកសួរៈ ១.តាមការបំភ្លឺរបស់ជនក្នុងបណ្តឹងឈ្មោះ KO HUNGCHI បានឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះយន្តចេញពីកោះតៃវ៉ាន់មកកាន់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចបន្តដំណើរមកខេត្តព្រះសីហនុ ហើយបានចូលធ្វើការងារជាបុគ្គលិកកុំព្យូទ័រ ជាច្រើនក្រុមហ៊ុន។ លុះនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង០៨និង៣០នាទី ខ្លួនបានណាត់ជួបឈ្មោះ A JUN នៅបន្ទប់ការិយាល័យ ជាន់ទី៣ នៅកាស៊ីណូស៊ីងធានឌី ពេលទៅដល់គេប្រាប់ថានាំខ្លួនទៅមើលការងារនៅជាន់ទី៧ បន្ទប់៧១៥ ពេលដល់ភ្លាមពួកគេប្រហែល១០នាក់ បានបិទទ្វារបន្ទប់ រួចបង្ខំអោយខ្លួនធ្វើលិខិតជំពាក់ប្រាក់ចំនួន១២០,០០០$ (ដប់ពីរម៉ឺនដុល្លារ) និងបង្ខាំងខ្លួនក្នុងបន្ទប់ ដោយមានជនជាតិខ្មែរចំនួន២នាក់ ចាំយាម ។ លុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ មានថៅកែចិន១នាក់ និងគ្នាប្រហែល១០នាក់ បានប្រើដៃជើងវាយលើរូបខ្លួន ហើយថៅកែចិននោះ បានប្រើប្រាស់កាំភ្លើងភ្ជុងក្បាលខ្លួន គំរាមទារប្រាក់។ ហើយនៅថ្ងៃទី១១ និងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ អ្នកយាមជនជាតិខ្មែរ២នាក់ បានដាក់ខ្នោះដៃខ្លួនជាប់នឹងគ្រែ។ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ ពេលយប់ ខ្លួនបានទាក់ទងទៅមិត្តភក្តិខ្មែរ ដើម្បីជួយប្តឹ។ លុះនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចមកដល់ជួយសង្រ្គោះខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ចំពោះលិខិតឆ្លងដែនរបស់ខ្លួនត្រូវបានដកហូតតាំងពីពេលខ្លួនមកដល់ធ្វើការដំបូង ដោយក្រុមហ៊ុនយកលេសមូលហេតុថាយកទៅពន្យារវីស្សារនិងធ្វើកាតការងារ ។

២.តាមការបំភ្លឺរបស់ឈ្មោះ ស៊ុន ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងឈ្មោះ ឆន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (អ្នកបង្ខាំងមនុស្ស) បានឲ្យដឹងថា ៖ នៅថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ពួកខ្លួនគឺអ្នកបង្ខាំង និងបានដាក់ខ្នោះដៃជនក្នុងបណ្តឹងជាប់នឹងគ្រែពិតមែន។ ពួកខ្លួនធ្វើតាមបញ្ជារបស់ ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជនជាតិចិន ។

៣.ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជនជាតិចិន (អ្នកបញ្ជាអោយបង្ខាំងមនុស្ស) បានឲ្យដឹងថា៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ថៅកែចិន កំពុងគេចខ្លួន ភេទប្រុស បានហៅខ្លួនទៅបន្ទប់ការិយាល័យជាន់ទី០៣ និងប្រាប់ថាឈ្មោះ KO HUNGCHI ជំពាក់ប្រាក់ក្រុមហ៊ុន មិនប្រាប់ចំនួនប៉ុន្មានទេ គ្រាន់តែដឹងថា១០ម៉ឺនដុល្លារជាង ហើយអោយខ្លួននាំគាត់ទៅជាន់ទី ០៧ បន្ទប់លេខ៧១៥ ធ្វើលិខិតជំពាក់ប្រាក់ ។ ខ្លួនបានបង្ខាំងឈ្មោះ KO HUNGCHI នៅជាន់ទី ០៧ បន្ទប់លេខ៧១៥ និងអោយប្រើប្រាស់ទូរស័ព្ទដើម្បីទាក់ទងរកប្រាក់សងក្រុមហ៊ុនវិញ ហើយខ្លួនបានបញ្ជាឲ្យឈ្មោះ ស៊ុន ចន្ថា និងឈ្មោះ ឆន ធា នៅមេីល ដោយផ្តល់ប្រាក់១ថ្ងៃ ៥០$ (ហាសិបដុល្លារ)។ លុះនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានទិញខ្នោះដៃ ១ យកទៅអោយឈ្មោះ ស៊ុន ចន្ថា ដើម្បីដាក់ខ្នោះដៃឈ្មោះ KO HUNGCHI ជាប់ទៅនឹងគ្រែ ព្រោះខ្លាចគាត់លួចរត់ និងលោតចុះ ។ លុះនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង ២៣ និង៤៥នាទី ពេលខ្លួនកំពុងជិះជណ្តើរយន្តដល់ជាន់ទី០៧ ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ចំពោះ ក្រុមហ៊ុនកាស៊ីណូ ស៊ីងធានឌី ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានម្ចាស់ឈ្មោះ ឬទ្ធី រស្មី ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានជួលជាន់ទី២ រហូតដល់ជាន់ទី៩ ទៅអោយឈ្មោះអ៊ុក សុខឃាង ភេទប្រុស ជនជាតិខ្មែរ លុះនៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៣ ឈ្មោះ អ៊ុក សុខឃាង បានជួលបន្តទៅឲ្យជនជាតិឈ្មោះ ZUO BENFA ភេទប្រុស កើតថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈE07680239 ។ ចំពោះរឿងពាក់ព័ន្ធនឹងជនជាតិខ្មែរ០២នាក់ ១.ឈ្មោះ ឆន ធា ២.ឈ្មោះ ស៊ុន ចន្ថា និងជនជាតិចិន ០១នាក់ ឈ្មោះ LU KE ហៅក្រៅ BAO GE ចាប់បង្ខាំងជនរងគ្រោះឈ្មោះ KO HUNG CHI នៅជាន់ទី៧ បន្ទប់លេខ ៧១៥ ពិតប្រកដ លុះនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ ពេលមានសមត្ថកិច្ចចុះមកដល់ទីតាំង សមត្ថកិច្ចធ្វើការឆែកឆេរក្នុងទីតាំង ទើបដឹងថាមានករណីបង្ខាំងនៅក្នុងទីតាំង ដែលបានជួលទៅអោយ ZUO BENFA ភេទប្រុស ជនជាតិចិន ។

ករណីខាងលើនេះ គឺជាករណី បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ ពិតប្រាកដមែន ឈ្មោះ ស៊ុន ចន្ថា , ឈ្មោះ ឆន ធា និងឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE , ឈ្មោះ LIU ZHONG និងបក្ខពួក ពិតជាបានបង្ខាំងធ្វើទារុណកម្ម នឹង ជំរឹតទារប្រាក់ពិតប្រាកដមែន។

ជនក្នុងបណ្តឹងឈ្មោះ KO HUNGCHI គ្មានលិខិតឆ្លងដែនជាប់ខ្លួន បានស្នើសុំបញ្ជូនទៅផែនអន្តោប្រវេសន៏ ដើម្បីបន្តនិតិវិធីរួចរាល់ ។
១-ឈ្មោះ ស៊ុន ចន្ថា ភេទប្រុស
២-ឈ្មោះ ឆន ធា ភេទប្រុស
៣-ឈ្មោះ LU KE ហៅក្រៅឈ្មោះ BAO GE ភេទប្រុស ជាសហចារី ករណី បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុបន្តនិតិវិធីរួចរាល់។ បន្តស្រាវជ្រាររកជនមេក្លោង និងបក្ខពួកដែលកំពុងរត់គេចខ្លួន ដើម្បីបន្តនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង