ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិត ហើយសម្ដេចចង់បង្រៀននូវទ្រឹស្ដីចំនួន៣ ដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជា

106

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញការយល់ឃើញថា សមត្ថភាពវិភាគរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិត ហើយសម្ដេចចង់បង្រៀននូវទ្រឹស្ដីចំនួន៣ ដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់តែម្ដង ដើម្បីឲ្យចេះវិភាគត្រូវសភាពការណ៍ជាក់ស្ដែង។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទ្រឹស្ដីចំនួន៣ ដែលសម្ដេចចង់បង្រៀនទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជា នោះរួមមាន៖ សម្ភារៈនិយមវីចារវិទ្យា សម្ភារៈនិយមប្រវត្តិសាស្ត្រ វិធីសាស្ត្រដឹកនាំ និងធ្វើការងារ។

សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបអ្នកនយោបាយ ដូចជាគ្រូពេទ្យអញ្ចឹងដែរ ក្នុងករណីវាយតម្លៃអាការៈអ្នកជំងឺមិនបានត្រឹមត្រូវទេនោះ ដូច្នេះនៅពេលចេញថ្នាំទៅក៏មិនត្រឹមត្រូវដូចគ្នា។ សម្រាប់អ្នកនយោបាយក៏ដូច្នោះដែរ ប្រសិនបើវិភាគខុស នឹងដាក់វិធានការខុសដូចគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានទ្រឹស្ដី៣ ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនខ្លួនឯង ទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ សម្ភារៈនិយមប្រវត្តិសាស្ត្រ និងទី៣៖ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ ដើម្បីដាក់ជាគ្រឹះលើការវិភាគ។ ខ្ញុំចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ដ្រនយោបាយ អ្នកធ្វើគោលនយោបាយ ទាក់ទិននឹងការវិភាគ»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វិធីសាស្ដ្រ៣ ដែលសម្ដេចតែងតែប្រើប្រាស់ក្នុងការវិភាគ៖ វិធីសាស្ដ្រទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ ទស្សនៈប្រវត្តិសាស្ដ្រ និងទី៣៖ តក្កវិទ្យា។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, វិធីសាស្ដ្រទាំង៣គូបផ្សំគ្នានេះហើយ បានធ្វើឲ្យសម្ដេចកម្រវាយតម្លៃខុសណាស់ ដែលកន្លងទៅក្នុងគណបក្សប្រជាជនកម្ពុជា តែងគោរពទៅតាមការវាយតម្លៃរបស់សម្ដេចទៅលើសភាពការណ៍នានា ព្រោះបើកាលវាយតម្លៃខុស នឹងដាក់វិធានការណ៍ខុស។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានកាន់តំណែងជាង៤ទស្សវត្សមកនេះ ក៏បានមើលឃើញពីភាពទន់ខ្សោយរបស់ក្រុមប្រឆាំងលើការវិភាគនេះផងដែរ ទើបធ្វើឲ្យគេវាយតម្លៃផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាមិនដែលចេះត្រូវនោះឡើយ។ ដូច្នេះហើយបានសម្ដេចតែងតែរំលឹកទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដោយទុកឲ្យក្រុមប្រឆាំងវាយតម្លៃខុសបន្ដទៀតចុះ៕

អត្ថបទដែលជាប់ទាក់ទង