ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំបុត្រឥតគិតថ្លៃត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស សម្រាប់ចូលពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

76

 

ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ខែ​មេសានេះ បានមានប្រសាសន៍ថា ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹក ចាប់ពីម៉ោង ៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។

បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងរៀនសូត្រ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចិន និងបណ្តាប្រទេសផ្សេងៗ បានចុះឈ្មោះ និងបានមកយកសំបុត្រ ដោយផ្ទាល់ ឬតាមរយៈបងប្អូន សាច់ញាតិ មិត្តភក្ដិដែលរស់នៅក្នុងប្រទេស។

សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស សូមបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com

សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អញ្ជើញចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស មកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង