រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង ស្ដីពីការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម ផ្សាយនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម។
ដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការនិងឆ្លើយតប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអនុវិស័យដូច ខាងក្រោម៖
ក. អនុវិស័យកសិកម្ម៖
កសិករត្រូវត្រៀមបង្ការនិងឆ្លើយតប តាមរយៈការលើកទប់និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សា
ទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។ សម្រាប់ការដាំដុះស្រូវដើមរដូវវស្សា (ប្រភេទពូជស្រូវស្រាល) កសិករមិនគួរប្រថុយប្រថានដាំដុះ ដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ ដោយឡែក តំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ កសិករគួរប្រញាប់ប្រញាល់ដាំដុះនៅចុងខែមេសា ឬដើមខែឧសភានេះ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។ សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យទឹកភ្លៀង កសិករគួររូតរះភ្ជួរដាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្ដាលប្រកាន់រដូវ ដូចជា៖ ពូជស្រូវផ្ការំដួល និង ប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។
កសិករដែលដាំដុះដំណាំបន្លែ គួរប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្តៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ។
កសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា ទន្លេ ស្ទឹង បឹង ឬអាងទឹក ត្រូវត្រៀមលក្ខណៈ រក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុក ស្រោចស្រពក្នុងពេលរាំងស្ងួត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ដើម្បីចុះត្រួតពិនិត្យប្រភពទឹក វាយតម្លៃផ្ទៃដីដាំដុះដែលអាចមានលទ្ធភាព ស្រោចស្រព និងសម្របសម្រួលបែងចែកការប្រើប្រាស់ទឹក ព្រមទាំងការផ្តល់បច្ចេកទេសផលិតកម្ម ដំណាំតាមបែបទំនើបបន្សំនឹងការប្រែប្រួលអាកាសធាតុ។
ខ. អនុវិស័យជលផល
ធាតុអាកាសនៅចន្លោះខែមេសាដល់ខែមិថុនាមានសភាពក្ដៅខ្លាំង ជាហេតុធ្វើឱ្យទឹកក្នុងស្រះរាក់។ ត្រីក្នុងស្រះងាយងាប់ដោយសារពុលនិងខ្វះអុកស៊ីសែន ដែលទាមទារឱ្យមានការបញ្ចូលទឹកបន្ថែម ឬធ្វើទឹកក្នុងស្រះឱ្យមានចលនា ដើម្បីបង្កើនអុកស៊ីសែន។
– ត្រូវតាមដានកម្ពស់ទឹកនិងស្ថានភាពត្រីមេពូជនៅតាមកន្លែងអភិរក្សជលផល ព្រមទាំងត្រៀម ប្រភពទឹក សម្រាប់បូមចូល ក្នុងករណីរីងរាក់ខ្លាំងឬមានត្រីពុលងាប់។
> ករណីមានបញ្ហាដូច្នេះកើតឡើង សូមស្វែងរកអន្តរាគមន៍ពីនាយខណ្ឌរដ្ឋបាលជលផល នៅតាម រាជធានី-ខេត្ត ឬទាក់ទងមករដ្ឋបាលជលផល តាមរយៈទូរសព្ទលេខ ០១២ ៨២៩ ៩៧១ ឬ ០១២ ៩០៨ ១២១។
គ. អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ
· ភាពរាំងស្ងួតអាចបណ្ដាលឲ្យសត្វខ្វះចំណីនិងទឹក ភាពធន់ទៅនឹងជំងឺថយចុះ។ ចំណែកការឆ្លង ជំងឺមានហានិភ័យខ្ពស់ ជាពិសេសបក្សី ដូច្នេះសូមយកចិត្តទុកដាក់ថែទាំសត្វឲ្យបានល្អ ដោយ ផ្តល់ទីជម្រក ផ្តល់ទឹកនិងចំណី និងចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់។
> ក្នុងករណីមានបញ្ហាអំពីការថែទាំសុខភាពសត្វនិងសង្ស័យមានជំងឺ សូមទាក់ទងទៅកាន់ភ្នាក់ងារ ផ្តល់សេវាបសុពេទ្យនៅជិតបំផុត ដូចជាភ្នាក់ងារសុខភាពសត្វភូមិ ពេទ្យសត្វស្រុក និងការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឬទាក់ទងមកកាន់ លោក នូវនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល (០១២ ៤៨៣ ៥៧៨) ឬ លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំង ជំងឺសត្វ (០១២ ៥៥៥ ៦៨៩)។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗនឹងត្រៀមបង្ការ ជាមុន និងឆ្លើយតប ព្រមទាំងចូលរួមសហការក្នុងការកាត់បន្ថយផលប៉ះពាល់ លើផលិតកម្មដំណាំកសិកម្ម វារីវប្បកម្ម សុខភាពសត្វ និងផលិតកម្មសត្វ ដោយសារឥទ្ធិពលនៃអាកាសធាតុនេះ៕