សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ កិច្ចទំនាក់ទំនង សហប្រតិបត្តិការ រវាងកងទ័ពប្រទេស កម្ពុជា-ទួកគី កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកជំទាវ អ៊ុលឃឺឃូ ចូអ៊ែវហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទូកគី និងលោកវរសេនីយ៍ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ (Ismet Konaro Glu) អនុព័ន្ធយោធាអមស្ថានទូតទួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម បង្ហាញមុខ និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាល និងកងទ័ពប្រទេសទូកគី តែងតាំងជាឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំកម្ពុជា ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការការអបអរសាទរ និងស្វាគមន៍ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងលោកវរសេនីយ៍ឯក អនុព័ន្ធយោធាទួកគី ដែលបានមកចូលជួបសម្ដែងការគួរសម បង្ហាញមុខ និងពិភាក្សាការងារនាឱកាសនេះ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្នុងនាមសម្តេចផ្ទាល់ បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជិតស្និទ្ធជាមួយទួកគី ដើម្បីរួមចំណែកបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ជាផ្លែផ្ការវាងកងទ័ពប្រទេសទាំងពីរនេះទៅមុខទៀត ។
សម្ដេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងតែពីឆ្នាំ១៩៧០មកម្លេះ ។ ទើបតែមកដល់ចុងឆ្នាំ១៩៩៨ នោះទេ ដែលកម្ពុជាទទួលបានសុខសន្តិភាព ពេញបរិបូណ៌ ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមកដល់ពេលនេះកម្ពុជា ជាប្រទេសដែលមានអធិបតេយ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ទទួលស្គាល់ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា ក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាបានធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយផ្ទាល់ ទទួលបានជោគជ័យយ៉ាងក្រចះត្រចង់ ហើយក្នុងពេលដ៏ខ្លី នៃឆ្នាំ២០២៣នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្កេមលើកទី១២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៧ សម្រាប់ប្រទេសខ្លួនផងដែរ ។
សម្ដេច បានមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:នៃការមកបំពេញបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ អនុព័ន្ធយោធាទួកគី នៅកម្ពុជានាអាណត្តិនេះ លោកអនុព័ន្ធយោធា និងប្រឹងប្រែងធ្វើឲ្យកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ទួកគី កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ។ ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក អ៉ីស្មែត កូណារ៉ូ ហ្គូ អនុព័ន្ធយោធាថ្មីប្រទេសទួកគីប្រចាំនៅកម្ពុជា បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលការស្វាគមន៍ ដល់រូបលោក និងសហការី ដោយលោកបានបញ្ជាក់ពីការយល់ច្បាស់នូវសភាពការណ៍នៅកម្ពុជា ។
លោកវរសេនីយ៍ឯក អនុព័ន្ធយោធាទួកគី បន្តថា ថ្វីត្បិតរូបលោកពុំមាននិវេសនដ្ឋាននៅកម្ពុជា តែរូបលោកបានយល់ដឹងពីការវឌ្ឍនភាពរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជាជាពិសេសវិស័យការពារជាតិរបស់កម្ពុជា ដែលមិនត្រឹមតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យ បូរណភាព ទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ទៅបំពេញភារកិច្ចមនុស្សធម៌ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ក្នុងតំបន់ និងពិភពលោកផងដែរ ៕