ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត

70

 

ព្រះសីហនុ: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ៣០២៣បានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតមានប្រសាសន៍ថា សូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៥២៥ អង្គ/នាក់ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បន្ទាប់ពីការយកចិត្តទុកដាក់រៀនសូត្រ និងការជម្នះរាល់ការលំបាកនានាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានទ្បើយពីការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ក៏ដូចជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងនាមជាកម្លាំងសរុបវិញចូលគ្នាជាធ្លុងមួយ ដែលជួយជំរុញឱ្យទទួលបាននូវសមិទ្ធផលធនធានមនុស្សទាំងអស់នេះ។

ឯកឧត្តមបណ្ឌិតបន្តថា ការវិនិយោគលើវិស័យអប់រំ គឺជាការចូលរួមចំណែកក្នុងការបណ្តុះចំណេះដឹង សមត្ថភាព គុណធម៌ និងសីលធម៌ ជាគុណវុឌ្ឍិផ្នែកខាងក្នុងរបស់មនុស្ស ដែលជាទ្រព្យធនដ៏មានសារៈសំខាន់ចំបាច់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ។ ក្នុងន័យនេះ, សូមកោតសរសើរដល់សាកលវិទ្យាល័យ UME ដែលបានវិនិយោគលើវិស័យអប់រំក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ ដោយបានអភិវឌ្ឍខ្លួនឈានឡើងជាបន្តបន្ទាប់ រហូតមានវត្តមាននៅក្នុងខេត្តចំនួន ៦ នៅទូទាំងប្រទេស ដែលនេះគឺជាការចូលរួមចំណែកមិនអាចខ្វះបាន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាសម្រេចទិសដៅនៃការអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតបន្ថែមថា ការណ៍ដែលបានឃើញនូវដំណើរការដោយរលូននៃកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា គឺជាមោទកភាពដ៏វិសេសវិសាលបំផុតក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ហើយជោគជ័យនេះ ក៏បានឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីភាពជាតិខ្មែរ នៅក្នុងការបង្ហាញប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី។ ជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួន, ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នេះ បានបង្ហាញនូវភាពលេចធ្លោលើទិដ្ឋភាព ២ សំខាន់ៗ៖ ទី១. គឺការដឹកនាំ និងការរៀបចំគ្រប់សកម្មភាពពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងការប្រកួត ប្រកបដោយភាពរលូន ត្រឹមត្រូវ យុត្តិធម៌ និងទំនុកចិត្ត ស្របតាមកម្រិតស្តង់ដារកំណត់របស់ក្រុមប្រឹក្សាសហព័ន្ធកីទ្បាអាស៊ីអាគ្នេយ៍ និងទី២. គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅក្នុងវិស័យកីឡា ត្រូវបានលើកកម្ពស់ជាលំដាប់គួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះ គឺចំនួនមេដាយដែលកម្ពុជាទទួលបានមានចំនួនច្រើន រហូតអាចបំបែកឯតទគ្គកម្មរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រ ហើយក៏នឹងកំពុងបន្តកើនឡើងជាប់ទៅមុខរហូត។ វឌ្ឍនភាពនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលកើតឡើងក្រោមបរិស្ថានអំណោយផលនៃសុខសន្តិភាព-ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបន្ថែមទៀតថា ដូចគ្នានេះ គឺវិនិយោគិនបរទេសក៏មានការរំពឹងទុកតែមួយផងដែរចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយទី១. ត្រូវពិនិត្យមើលលើកត្តាសន្តិភាព-ស្ថិរភាព និង ទី២.កម្រិតសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ដែលត្រូវមានជំនាញបម្រើឱ្យដំណើរការផលិតកម្មក្នុងគម្រោងវិនិយោគរបស់ពួកគេ។ ក្នុងន័យនេះ សូមសិស្ស-និស្សិតកម្ពុជាគ្រប់រូប ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រទាំងលើជំនាញរឹង និងជំនាញទន់ ឱ្យមានគុណវុឌ្ឍិពិតប្រាកដច្បាស់លាស់ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សរបស់កម្ពុជា ដែលនឹងដើរតួនាទីសំខាន់នៅក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជាតិយើងក្នុងចរន្តសាកលភាវូបនីយកម្ម និងការចាប់យកនូវសក្តានុពលថ្មីៗបម្រើឱ្យការកសាងអភិវឌ្ឍប្រទេសទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង