លោក ប៉ាន សូរស័ក្ដិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២
ហ្សាការតា៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក AIRLANGGA HARTARTO រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត និងគណៈប្រតិភូ ក៏បានចូលរួមក្នុងនាមជាសមាជិកសង្កេតការណ៍ផងដែរ។
ជាកិច្ចចាប់ផ្តើម ប្រធានអង្គប្រជុំបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាន គណៈប្រតិភូសមាជិកអាស៊ាន មន្ត្រីលេខាធិការដ្ឋានអាស៊ាន និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបាន
ផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យ ផ្តល់អនុសាសន៍ណែនាំកត់សម្គាល់ អនុម័ត ក៏ដូចជាចែករំលែកនូវទស្សនៈគ្នាទៅវិញទៅមករវាងបណ្តារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) វឌ្ឍនភាព នៃកិច្ចការនិងគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព (២) ដំណើរការនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ (៣) ទស្សនវិស័យសេដ្ឋកិច្ចតំបន់និងសាកល (៤) វឌ្ឍនភាពនៃសមិទ្ធផល អាទិភាពសេដ្ឋកិច្ច ព្រមទាំងអាទិភាពប្រចាំឆ្នាំ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី (៥) វឌ្ឍនភាពនៃការបង្កើតក្របខ័ណ្ឌសម្រាប់ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (៦) វឌ្ឍនភាពនៃការអនុវត្តនិងអនុលោមភាពទៅនឹងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៧) ការត្រៀមរៀបចំនានារបស់សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (៨) ដំណើរការ និង វឌ្ឍនភាពនានានៃសំណើរបស់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និង (៩) ការត្រៀមរៀបចំនានារបស់សសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសររសើរដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចនិងរៀបចំកិច្ចប្រជុំបានល្អ។
បន្ថែមពីនោះ លោករដ្ឋមន្ត្រី ក៏បានបានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលក្នុងនោះក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសរុបចំនួន១៩ អាស៊ានសម្រេចបានចំនួន១៦ ខណៈសមិទ្ធផលអាទិភាពចំនួន៣ទៀត គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ។
លោក ប៉ាន សូរស័ក្តិ ក៏បានសម្តែងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក៏ដូចជាកិច្ចការអាទិភាពនានា ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបាននូវលទ្ធផល និងផ្លែផ្កាជាទីគាប់ចិត្ត ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូនេស៊ី។ បន្ថែមពីនោះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខិតខំប្រឹងប្រែងតាមដានការអនុវត្តការងារឱ្យបានទៀងទាត់ ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួលបានជោគជ័យជាអតិបរមា៕