ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល, ប្រជាកសិករ សូមឱ្យការបង្កបង្កើនផលគ្រប់មុខដំណាំទាំងអស់នៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់

73

កំពង់ធំ៖ ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ តាំងពីបុរាណកាលមក។ នៅឆ្នាំនេះយើងបានប្រារព្ធព្រះរាជពិធីបុណ្យឡើងវិញបន្ទាប់ពីបានខកខានប៉ុន្មានឆ្នាំដោយសារជំងឺកូវីដ-១៩ រាលត្បាតខ្លាំង។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី ច្រត់ព្រះនង្គ័លក្នុងឆ្នាំ២០២៣នៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសការបង្កបង្កើនផលរបស់ប្រជាកសិករ ទៅតាមការបរិភោគរបស់ «គោឧសភរាជ» និងក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស បានជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសបងប្អូនប្រជាកសិករ សូមឱ្យការបង្កបង្កើនផលគ្រប់មុខដំណាំទាំងអស់នៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ លើកកម្ពស់ជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង