អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ផ្តល់ជូនអំណោយដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ
ភ្នំពេញ ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុប្រធានកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយដោះស្រាយរាល់បញ្ហាលំបាកបានទាន់ពេលវេលា ។ នេះជាប្រសាសន៍លើកឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសសួរសុខទុក្ខ និងនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកស្រី ហ៊ួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានឱ្យដឹងថា ក្នុងហេតុការណ៍ដែលប្រជាពលរដ្ឋជួបគ្រោះអគ្គិភ័យនេះ បន្ទាប់ពីទទួលបានព័ត៌មានអាជ្ញាធរខណ្ឌ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ប្រភេទ បានចុះមកធ្វើការអន្តរាគមន៍នៅក្នុងការជួយសង្គ្រោះទប់ស្កាត់មិនឱ្យរាលដាល ដោយបណ្តាលឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងអ្នកជួល រងគ្រោះចំនួន១១គ្រួសារ ។ ហើយអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានរៀបចំគ្រឿងឧបភោគបរិភោបសម្ភារៈដើម្បីចុះយកមកផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះនាពេលនេះ ហើយអំណោយទាំងនេះមានចំនួនតិចតួចក៏ពិតមែន តែអាចជួយដោះស្រាយការលំបាករបស់បងប្អូនបានមួយកម្រិត ។
ក្នុងឱកាសជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យទាំង១១គ្រួសារ លោកហែម ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអន្តរាគមន៍ជួយគ្រោះក្នុងហេតុការណ៍នេះ ដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា មិនមានការឆេះរាលដាលបង្កជាហេតុការណ៍ធ្ងន់ធ្ងរ និងមានមនុស្សណាម្នាក់ស្លាប់ឬរងរបួសនោះទេ ។
លោកប្រធានកិត្តិយសអនុប្រធានកាកបាទក្រហមកម្ពុជាខណ្ឌ បានលើកឡើងពីការយកចិត្តទុកដាក់ពីសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាកក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ទោះលោកមិនបានមកដោយផ្ទាល់ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ ។
លោកហែម ដារិទ្ធិ ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋសូមកុំបាក់ទឹកចិត្តឱ្យសោះ ត្រូវបន្តខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត ថ្វីត្បិតតែគ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងអស់ពិតមែន ប៉ុន្តែបើនៅមានជីវិតនោះយើងហ្នឹងអាចកសាងរបស់ទាំងនេះបានមកវិញជាក់ជាមិនខាន ។
ជាមួយគ្នានេះ លោកហែម ដារិទ្ធិ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមជួយសម្រួលក្នុងការធ្វើឯកសារផ្សេង ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ជាដើម ដែលបានបាត់បង់ឬខូចខាតដោយសារអគ្គិភ័យ ដល់ពួកគាត់ឲ្យបានឆាប់រហ័សដែលអាចធ្វើបាន ងាយស្រួលក្នុងប្រើប្រាស់ក្នុងករណីចាំបាច់ប្រចាំថ្ងៃ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១១គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា៣០ម៉ឺនរៀល ។ ក្នុងនោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ បានឧបត្ថម្ភ ដល់គ្រួសាររងគ្រោះ ដោយអគ្គិភ័យ ដោយក្នុង ១គ្រួសារ ចំនួន ២០ម៉ឺនរៀល ៕