កម្ពុជា រយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ពាណិជ្ជកម្មអន្ដរជាតិ មានទំហំ១៥ពាន់លាន ដុល្លារអាមេរិក
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថ្ងៃ១១ ឧសភានេះថា៖ គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២៣នេះ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជាង ៧ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ បានបង្ហាញពីស្ថិតិការធ្វើ ពាណិជ្ជកម្ម ទំនិញសំខាន់ៗ ជាមួយប្រទេសសំខាន់ៗ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ៣ ៨៩៤ លានដុល្លារ ថមថយចុះប្រមាណជិត ១ ភាគរយ ទោះបីមានការ ថមថយចុះបន្តិចបន្ទួចក៏ដោយ តែការនាំ ចេញរបស់កម្ពុជាទៅ កាន់ទីផ្សារចិន បានបន្តកើនឡើង ប្រមាណជិត ៤ភាគរយ ។
ចំពោះការធ្វើពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកវិញ មានទំហំទឹក ប្រាក់ជាង ២ ៥២៤ លានដុល្លារ ថមថយជាង ១៦ភាគរយ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម មានទំហំទឹកជាង ២ ៤៣០ លានដុល្លារ កើនឡើងជាង ៥ ភាគរយ។ រីឯ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ថៃ វិញ នៅក្នុងរយៈពេល ៤ ខែ នេះដែរ មានទំហំទឹកប្រាក់ជាង ១ ៣៥២ លាន ដុល្លារ បានថមថយចុះជាង ៩ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនជាង ៣ ភាគរយ។
ចំពោះពាណិជ្ជកម្មទ្វេរភាគីកម្ពុជា និងសិង្ហបុរី មានទឹកប្រាក់ជាង៤៨០ លានដុល្លារ ក្នុងនោះកម្ពុជា ក៏បាននំាចេញកើនឡើងជាង ៣៤៥ ភាគរយ, ខណៈការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី មានទំហំ ទឹក ប្រាក់ជាង៣៩២ លានដុល្លារ ដោយក្នុង នោះការនាំចេញរបស់កម្ពុជា ក៏មានការកើនឡើងជាង៦០ ភាគរយផងដែរ។
សូមបញ្ជាក់ថា៖ ក្រៅពីទីផ្សារសំខាន់ៗខាងលើ កម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ទៅកាន់ ប្រទេសផ្សេងៗ ជាច្រើនទៀតដូចជា ប្រទេសជប៉ុន, អាល្លឺម៉ង់, តៃវ៉ាន់, កាណាដា, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, អេស្បាញ, ម៉ាឡេស៊ី, ប៊ែលហ្សិក, បារាំង, អូស្រ្តាលី,ឥណ្ឌា, ហូឡង់, ហុងកុង និង ទៅកាន់ប្រទេសជាច្រើនផ្សេងទៀត ជាពិសេសជាមួយអេមីរ៉ាតអារ៉ាប់រួម ខណៈកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាពេលឆាប់ៗ ខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបស់កម្ពុជា បានកំពុង ខិតខំយ៉ាងសកម្ម ក្នុងការរៀបចំ គាំទ្រ ដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ. ៕. សំរិត