ពីរនាក់ស្លាប់ក្នុងការបាញ់ប្រហារមួយ នៅរោងចក្រផលិតរថយន្ត Mercedes-Benz ប្រទេសអាល្លឺម៉ង់
ប៊ែកឡាំង៖ មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅរោងចក្រ Mercedes-Benz ក្នុងទីក្រុង Sindelfingen ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។
អាជ្ញាធរប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា បុរសអាយុ ៥៣ឆ្នាំម្នាក់បានចូលទៅក្នុងរោងចក្រ Mercedes-Benzនៅ នៅក្នុងទីក្រុង Sindelfingen ហើយបានបើកការបាញ់ប្រហារដោយបានបាញ់សម្លាប់បុរសពីរនាក់។ ជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ។
ប៉ូលិសបាននិយាយថា បុគ្គលិកសន្តិសុខបានឃាត់ខ្លួនជនសង្ស័យ ហើយប្រគល់ឱ្យសមត្ថកិច្ច ដោយមិនមានការប្រឆាំងតដៃឡើយ។
អាជ្ញាធរក៏បានគូសបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ០៧:៤៥នាទីម៉ោងក្នុងតំបន់។
ក្រុមហ៊ុន Mercedes-Benz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះព័ត៌មានសោកនាដកម្មនៅ Sindelfingen នៅព្រឹកនេះ។ គំនិតរបស់យើងគឺជាមួយជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងសហការីទាំងអស់នៅនឹងកន្លែង»។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ផលិតម៉ូដែលប្រណីត S-Class របស់ខ្លួននៅរោងចក្រ Sindelfingen ដែលមានបុគ្គលិកប្រហែល ៣៥,០០០ នាក់ធ្វើការនៅទីនោះ។
ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងហេតុផលនៃការវាយប្រហារនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕