ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំង ៩រូប ក្រោយមានសំណើពីសម្តេចតេជោ ហ៊ុន សែន

94

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំងចំនួន៩រូបទៀត ក្រោយពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សកម្មជនក្រុមប្រឆាំងទាំង៩នាក់នោះ​ រួមមានដូចជា៖ លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន​ ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី ជាដើម។ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពួកគេ រួមទាំងសកម្មជនម្នាក់ទៀត ឈ្មោះ គង់ ម៉ាស់ បានចេញមកសារភាពកំហុស ភ្ញាក់រលឹក ហើយបានចេញវិដេអូ និងធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសំណូមពរឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែលោក គង់ ម៉ាស់ ត្រូវបានដោះលែងមុនគេ បន្ទាប់ពីមានលិខិត និងវីដេអូសារភាពកំហុស។

សកម្មជនក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀត ជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ លោក សម រង្ស៉ី និងបក្ខពួក។

បើតាមលិខិតសុំទោសរបស់ លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារ ដែលតុលាការបានផ្តន្ទាទោសដល់រូបលោករយៈពេល៥ឆ្នាំ គឺលោកមានការភ្ញាក់រលឹក ដឹងខ្លួនថា ចាញ់បោកការឃោសនាបោកបញ្ឆោទរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាន នៅកម្ពុជាដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់ សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង និងបានស្នើសុំការសណ្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។

មួយរយៈចុងក្រោយនេះ មានសកម្មជនក្រុមប្រឆាំងជាច្រើន បានសម្រេចចិត្តចាកចេញ ហើយមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលស្វាគមន៍ពួកគេជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង