ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បំភ្លឺជុំវិញការលើកឡើង របស់អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលធ្វើឱ្យមានការភាន់ច្រឡំ និងមិនឆ្លុះបញ្ចាំងពីស្មារតី ការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប

71

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីបំភ្លឺ ចំពោះការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំណួររបស់អ្នកសារព័ត៌មាន ថា «ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប» ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។

ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមបំភ្លឺជូនសាធារណមតិឱ្យបានជ្រាបថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប ខាងក្រោមនេះ៖

*កថាខណ្ឌទី២ នៃមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ (ចិតសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ប្រភេទ ដែលប្រភេទទី១. សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហារផ្ទៃ ១ច្បាប់ និងប្រភេទទី២ …»។

*ផ្អែកតាមលិខិតក្រសួងមហាផ្ទៃលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ត្រេទី១ និងត្រេទី២ បានធ្វើការណែនាំដល់ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលកម្មលើប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា ដោយជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាម ច្បាប់ស្តីពីការបោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ។

*ផ្អែកតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប លេខ ០២៧ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្តីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រង់ចំណុចទី១ បានកំណត់ថា «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

*ផ្អែកតាមសេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ត្រង់ចំណុចទី១ បានកំណត់ថា «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ»។

ជាថ្មីម្តងទៀត សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។

គ.ជ.ប អនុវត្តស្តង់ដារតែមួយ តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយឯករាជ្យ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព៕

អត្ថបទដែលជាប់ទាក់ទង