ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

95

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២ ក្នុងនោះ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២ ៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។

សញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងត្រូវទទួលបាន មានចំនួន ៥កម្រិតផ្សេងគ្នាគឺ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ (នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ៥៦នាក់ (នារី ២០នាក់) និងថ្នាក់បណ្ឌិត ចំនួន ៨នាក់ (នារី ១នាក់)។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១ ០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦%)។

គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបណ្តុះ បណ្តាលបានធនធានមនុស្សចំនួន ៣០ ៣៥៤ នាក់ (នារី ៧ ៨១៥ នាក់) ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យម គ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់ វិស័យកសិកម្ម។

ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ជាពិសេស ការជំរុញអនុវត្តយុទ្ធសាស្រ្ត១០ឆ្នាំថ្មី២០២១-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង