SEA Games 2023 មិនអាចល្បីរន្ទឺបានឡើយ បើគ្មានអ្នកសារព័ត៌មាន និងការផ្សព្វផ្សាយ
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ភាពល្បីរន្ទឺពាសពេញពិភពលោក នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (SEA Games 2023) មិនអាចកាត់ផ្ដាច់ពីខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន និងការផ្សព្វផ្សាយបានឡើយ។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើន ដែលរៀបចំដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកសារព័ត៌មានទាំងអស់ បានខិតខំប្រឹងប្រែងផ្ដិតយករូបភាព និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជាជាច្រើនថ្ងៃកន្លងមក ។
ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC លោករដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែង រវាងក្រសួងព័ត៌មាន គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាមួយអ្នកសារព័ត៌មានជាតិ-អន្ដរជាតិ និងផ្សព្វផ្សាយទាំងអស់ ដែលធ្វើឲ្យសម្រេចបាននូវជោគជ័យ និងសម្រេចបានលទ្ធផលដ៏ល្អ ពិសេសពិធីបើក ដែលបានប្រព្រឹត្តទៅ និងបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ ហើយរាល់កម្មទាំងអស់ បានប្រព្រឹត្តទៅក្នុងកម្រិតអូឡាំពិក ។
សមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងការតាមដានត្រួតពិនិត្យ និងផ្ដល់អនុសាសន៍ជាប់ជាប្រចាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពោលគឺកម្ពុជាបានខិតខំធ្វើឲ្យព្រឹត្តិការណ៍លើកដំបូងនៅកម្ពុជានេះ ប្រព្រឹត្តទៅតាមអ្វីដែលជាស្ដង់ដារស៊ីហ្គេម ព្រោះស៊ីហ្គេម គឺហ្គេមរបស់អូឡាំពិកអន្ដរជាតិ ដែលក្នុងតំបន់ បានខិតខំធ្វើទាំងអស់គ្នា ។
លោកសង្កត់ធ្ងន់ថា «អ្វីៗទាំងអស់ ដែលបានល្បីរន្ទឺសុះសាយទាំងអស់នេះ មិនអាចកាត់ផ្ដាច់បានចេញពីខិតខំការយកព័ត៌មានរបស់អ្នកសារព័ត៌មាន និងផ្សព្វផ្សាយបានទេ ហើយក៏មិនអាចមើលរំលេង និងកាត់ផ្ដាច់បានពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការព័ត៌មាននោះដែរ បើគ្មានការផ្សព្វផ្សាយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏គ្មានអ្នកណាដឹងដែរ ។ នេះជាបញ្ហា ដែលខ្ញុំសូមកោតសរសើរ និងសូមអរគុណអ្នកទាំងអស់គ្នា» ។
«អ្វីដែលពិសេស គឺជោគជោគជ័យ ដែលបានកើតឡើងនេះ ដោយសារស្រុកយើងមានសុខសន្ដិភាព ស្រុកយើងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចល្អ ទើបយើងអាចធ្វើបាន ពិសេសដោយសារយើងមានការដឹកនាំដ៏ត្រឹមត្រូរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលមានការរួមកម្លាំងជាធ្លង់មួយ ពីខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស…» ។ លោកបណ្ឌិត ថោង ខុន បន្ថែម ៕