ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាធារណរដ្ឋឆែក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

66

ភ្នំពេញ៖ សាធារណរដ្ឋឆែក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ការឯកភាពនេះធ្វើឡើងក្នុងឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យលោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារដែលផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេសការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នាជំនួបនោះ លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋឆែកក្នុងការពង្រឹង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកលើវិស័យការងារ ជាពិសេសវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។

លោកបន្តលើកឡើងថា ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលឿន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្ដាលជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជំនាញដល់យុវជនគ្រួសារក្រីក្រប្រមាណ១លាន៥សែននាក់ (ស្មើនឹង១៥%នៃកម្លាំងពលកម្មសរុប) តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពិសេស ដែលកម្មវិធីនេះគឺជាចំណុចអាទិភាពខ្ពស់មួយដែលក្រសួងការងារកំពុងផ្តោតសំខាន់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ក្រសួងក៏បានស្វាគមន៍ដៃគូរអភិវឌ្ឍទាំងអស់ ជាពិសេសសាធារណរដ្នឆែកក្នុងការចូលរួមផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផងដែរ»

ជាការឆ្លើយតប លោក Petr Gandalovic បានវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជំនាញរបស់យុវជនក្រីក្រនេះ និងបានស្វាគម៍ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការទៅលើគម្រោងនេះផងដែរ។

លោកបានបន្តថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជា ផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម។

លោក Petr Gandalovic បានបន្តថា ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានេះ សាធារណរដ្ឋឆែកអាចផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរ។

លោករដ្ឋមន្ត្រីបានឯកភាពទៅលើការលើកឡើងរបស់លោក Petr Gandalovic ហើយបានលើកឡើងថា កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញដល់ឆ្នាំ២០៣៥ ដើម្បីកំណត់គោលដៅជំនាញសំខាន់ៗដែលត្រូវអភិវឌ្ឍផងដែរ។

ចំពោះការការដាក់ឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកកែច្នៃផលិតផលកសិកម្ម លោករដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរ ដោយកម្មវិធីនេះនឹងបន្តគាំទ្រទៅលើគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដូចជា គោលនយោបាយនាំចេញអង្ករ ដែលបានដាក់គោលដៅនាំចេញ១លានតោន គោលនយោបាយកែច្នៃ និងនាំចេញដំឡូងមី និងគោលនយោបាយកែច្នៃគ្រាប់ស្វាយចន្ទី ដែលសព្វថ្ងៃនេះកម្ពុជាគឺជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេផងដែរ។

លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការរៀបចំឱ្យមានការផ្តល់អាហារូបករណ៍ និងទស្សនកិច្ចសិក្សាទៅសាធារណរដ្ឋឆែក ដើម្បីឱ្យកម្ពុជាអាចតាមទាន់ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗដែលកំពុងលេចឡើង លើសពីនេះវាក៏នឹងជួយឱ្យការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តលបច្ចេកទេស និងវិជ្ជាជីវៈទៀតផង។

ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានប្តេជ្ញាក្នុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវ: ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង