ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍
ក្រចេះ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍(ហៅវត្តសំបុក)ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថ្លែងក្នុងពិធីនេះថា សូមចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ដែលជាទីអារាមដ៏ចំណាស់ជាមួយនឹងអាយុកាលប្រមាណ ៥០០ ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាលនៃសង្គ្រាមរាំងជល និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ ក្លាយជាទីអារាមគួរទីមនោរម្យសម្រាប់ការបដិបត្តិធម៌ របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី។ សមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គី ក្នុងថែរក្សាប្រពៃណីទំនៀមទម្លាប់សាសនា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាព សេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិតបន្តថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។ ជាក់ស្តែង ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។
ចុងបញ្ចប់នៃពិធីឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតលើកឡើងបន្ថែមថា ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន, ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី៕