អភិបាលរងខេត្តព្រះសីហនុ ប្តេជ្ញាចិត្ត គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ខេត្តព្រះសីហនុ ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពល
ខេត្តព្រះសីហនុ៖ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តថា នឹងបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។
ការប្តេជ្ញាចិត្តបែបនេះរបស់លោកឡុង ឌីម៉ង់ បានធ្វើឡើង ខណៈដែលរូបលោកត្រូវបានថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ផ្ដល់សេចក្ដីទុកចិត្ត តែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
ក្នុងឱកាសដ៏វិសេសវិសាលនោះលោកឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស.ស.យ.ក. គ្រប់ជាន់ថ្នាក់ដែលបានផ្ដល់សេចក្ដីទុកចិត្តយ៉ាងមុតមាំប្រគល់តួនាទីភារកិច្ចដ៏មានសារៈសំខាន់ជូនរូបលោក ដើម្បីបន្តបំពេញបេសកកម្មឆ្ពោះទៅមុខក្នុងការដឹកនាំ គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍សមត្ថភាពយុវជន ឱ្យក្លាយជាយុវជនឈានមុខដ៏មានសក្ដានុពលរបស់ខេត្តព្រះសីហនុផ្ទាល់ និងសង្គមជាតិ។
ទន្ទឹមគ្នានេះដែរ លោកឡុង ឌីម៉ង់ បានធ្វើការបេ្ដជ្ញាចិត្តបំពេញតួនាទី ពង្រឹងជំហរឹងមាំឥតងាករេ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មទោះក្នុងតម្លៃណាក៏ដោយ និងបន្តបុព្វហេតុការពារជាតិ និងរក្សាឱ្យបាននូវស្មារតី ២ធ្នូដែលបន្សល់ទុកដោយយុវជនជំនាន់មុន ហើយចូលរួមជាមួយសង្គមជាតិ ក្នុងការស្ដារ កសាង និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា៕