សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
“ការរៀបចំទិវារំឭកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីកម្មប្រកបដោយអត្ថន័យយ៉ាង ជ្រាលជ្រៅ ដែលបានរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបានចំពោះគុណូបការៈ នៃស្នាព្រះហស្ត របស់ព្រះបិតាស្ថាបនិកនគរបាលជាតិ ក៏ដូចជាការធ្វើពលិកម្មរបស់បុព្វបុរសរៀមច្បង និងយុទ្ធជន យុទ្ធនារី នគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាន នូវស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឆ្លៀតយកឱកាសដ៏ប្រសើរថ្លៃថ្លានេះផ្ដាំ ប្រកបដោយសេចក្តីស្រលាញ់រាប់អានដ៏ស្ម័គ្រស្មោះអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ
ផ្ញើការសាកសួរសុខទុក្ខ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្ដូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវ ខឿនសន្តិសុខជាតិ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិដែល មានជំងឺ របួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជា សះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្កិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ”។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ។
ឆ្នាំ២០២៣ នេះសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលាបញ្ចប់បានច្បាស់លាស់ឡើយ
ស្របពេលដែលសភាពការណ៍សន្តិសុខសាកលលោកនៅតែវិវឌ្ឍន៍ប្រែប្រួលស្មុគស្មាញ
ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះនឹងបន្តជះឥទ្ធិពលដោយ
ផ្ទាល់ ឬ ប្រយោលដល់បរិយាកាសសន្តិសុខនៅក្នុងប្រទេសរបស់យើងជាក់ជាមិនខាន។ ក្នុងអំឡុងពេលនេះ ដែរព្រឹត្តិការណ៍សំខាន់ៗមួយចំនួនត្រូវបានរៀបចំដំណើរការនៅកម្ពុជារួមមានៈ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលសុទ្ធសឹង ជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បី បំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។ ក្រៅពីនេះសភាពការណ៍ទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏នៅតែមានបញ្ហា ប្រឈមដែលបណ្តាលមកពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើស គ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ ទៀត។ល។
ជាការពិតណាស់កិច្ចការទាំងអស់នេះគឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញដែលតម្រូវឲ្យ កងកម្លាំងនគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមឲ្យទៅជាថាមពល បង្កើត នូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិដែលជាសសរស្ដម្ភដ៏រឹងមាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចតេជោ សូមសម្តែងនូវអំណរគុណ និងកោតសរសើរចំពោះសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានលះបង់ស្វាមី ភរិយា កូនចៅ និងសមាជិកគ្រួសារ ឲ្យចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងបានជួយទំនុក បម្រុង លើកទឹកចិត្ត និងបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើម រៀងរហូតមក។
ព្រះរាជាណាចក្រកម្ពុជាយើង កំពុងក្រាលគ្របដោយសុខសន្តិភាពយ៉ាងពេញលេញ ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ត្រូវបានការពារយ៉ាងរឹងមាំ រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ទប់ស្កាត់ និងបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបបានទាន់ពេលវេលានូវ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការពារបានយ៉ាងរឹងមាំនូវសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពនៃកិច្ចដំណើរការ សា្ថប័នកំពូលរបស់ជាតិ និងជីវភាពសង្គម។ ទន្ទឹមនេះគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ក៏ដូចជាព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះវររាជមាតាជាតិខ្មែរ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ជាតិ-អន្ដរជាតិសំខាន់ៗប្រមាណ ១២,៧៥៦លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង ស្របពេលដែលបទល្មើសព្រហ្មទណ្ឌជារួមមានការ ថយចុះ ៩% ហើយការបង្ក្រាបទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩២%។ ជាមួយគ្នានេះដែរយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ត្រូវបានចាត់តាំងយ៉ាង សកម្ម និងទទួលបានលទ្ធផលជាវិជ្ជមាន។ បើទោះបីជាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍មានកំណើនបន្តិច ប៉ុន្តែការងារពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការកែលម្អ និងការដោះស្រាយសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានលើកកម្ពស់ និងប្រតិបត្តិជាប់ជាប្រចាំដូចភ្លៀងរលឹម។ វឌ្ឍនភាពដែលត្រូវបានកត់សម្គាល់បន្ថែម ទៀតនោះ គឺការបំពេញមុខងារប្រកបដោយភាពវិជ្ជមានក្នុងការផ្តល់សេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលជាកម្លាំងស្នូលជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏មានសក្តានុពល។
ស្នាដៃលេចធ្លោដែលនគរបាលជាតិទើបសម្រេចបាននាពេលថ្មីៗកន្លងទៅនេះ គឺភាពជោគជ័យ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនាមជាប្រធានរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ កិច្ចការពារ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ មហាសន្និបាតសភាអាស៊ីលើកទី ៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យដំណើរការទៅប្រកបដោយសុវត្ថិភាព រួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាក អន្តរជាតិ។ កងកម្លាំងនគរបាលជាតិមិនត្រឹមតែបំពេញយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមគ្រប់សកម្មភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះ
ធម្មជាតិ ឬ មហន្តរាយនានា និងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមជាច្រើនទៀតប្រកបដោយស្មារតី មនុស្សធម៌។
សមិទ្ធផលទាំងអស់នេះសុទ្ធសឹងជាស្នាដៃ និងគុណសម្បត្តិដែលបានប្រសូត្រចេញពីស្មារតី និង សុច្ឆន្ទៈស្នេហាជាតិរបស់កងកម្លាំងនគរបាលជាតិ ដែលនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍តែងតែ រួមដំណើរជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនានៃប្រជាពលរដ្ឋខ្មែរ។ ជាក់ស្ដែងក្នុងពេលដែលប្រទេសជាតិប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កងកម្លាំង
នគរបាលជាតិបានប្តូរផ្តាច់ប្រកបដោយស្មារតីអង់អាចក្លាហាន ដោយដៃម្ខាងបំពេញតួនាទីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រីឯដៃម្ខាងទៀតរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ដើម្បីការពារសុខភាពសាធារណៈ ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋ និងសង្គមជាតិ៕