ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល កត់សម្គាល់ឃើញកម្មវិធីសិក្សាតាមអ៉ីនធើណិត ជាគំរូមួយសម្រាប់អ្នកបាត់ឱកាសសិក្សាហើយចង់បន្តការសិក្សាវិញ

55

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការបានបង្ហាញការកត់សម្គាល់ថា «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធើណិត ហៅកាត់ថា BEEP» គឺជាកម្មវិធីគំរូមួយក្នុងការស្ដារបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនដែលបាត់ឱកាសសិក្សា និងអ្នករវល់ការងារពុំមានពេលសិក្សាពេញលេញ។

នេះបើតាមការលើកឡើងរបស់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការប្រឹក្សាការងារនិងការណែនាំសម្រាប់ថ្នាក់ដឹកនាំ និងអ្នកសម្របសម្រួលកម្មវិធី BEEP ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ ជាមួយវត្តមានលោក សារដារ អ៊ូម៉ារ អាឡាំ (Sardar Umar Alam) ប្រធានអង្គការយូណេស្កូប្រចំាប្រទេសកម្ពុជា លោកស្រី ណាដ្យា អូតទីហ្កឺរ (Nadia Ottiger) អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) លោក ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកយុវជន តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងការងារ និងក្រសួងអប់រំ។

គួរជម្រាបថា មណ្ឌលសិក្សា BEEP ដំបូងនៅកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩ ការអនុវត្តកម្មវិធីនេះដែរគឺបានពីការផ្ដល់មូលនិធិនិងគាំទ្រពីសំណាក់អង្គការយូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារស្វីស SDC ព្រមទាំងក្រុមហ៊ុនទូរស័ព្ទស្មាត ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល និងកសាងសមត្ថភាពថ្មីៗបន្ថែមដល់យុវជនដែលបាត់បង់ឱកាសសិក្សា និងអ្នកដែលកំពុងបម្រើការងារនៅតាមសហគ្រាស-គ្រឹះស្ថានដែលពុំមានពេលវេលា ឬឱកាសសិក្សាបន្ត ហើយមានបំណងចង់បន្តការសិក្សា។

នាឱកាសនោះ លោក ប៉ុក ប៉ាន់ បានលើកឡើងថា ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលផ្ទាល់ ឬពីចម្ងាយ (Online) ដូចជាកម្មវិធី BEEP នេះជាដើម។ BEEP ផ្តល់ជូនការអប់រំដែលមានភាពបត់បែនតាមបែបឌីជីថលសម្រាប់យុវជនដែលបោះបង់ការសិក្សា ដើម្បីបញ្ចប់ការអប់រំមធ្យមសិក្សាបឋមភូមិសមមូលនឹងថ្នាក់ទី៩។ BEEP អាចសិក្សាបានតាមរយៈកុំព្យូទ័រ ឬស្មាតហ្វូនគ្រប់កាលៈទេសៈ ដែលមិនប៉ះពាល់ម៉ោងធ្វើការរបស់ពួកគេ។

លោកបានបញ្ជាក់ថា «កម្មវិធីសិក្សា BEEP បានការជួយសម្របសម្រួលពិសេសមួយរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយឥឡូវនេះកម្មវិធីបានក្លាយជាកម្មវិធីគំរូសម្រាប់ក្រសួងទាំងពីរ»

លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នមណ្ឌលសិក្សា BEEP សរុបមានចំនួន២៤ទីតាំង ក្នុងនោះស្ថិតនៅក្រោមក្រសួងការងារចំនួន១២មណ្ឌល និងក្រោមក្រសួងអប់រំចំនួន១២មណ្ឌល ដែលមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន២,០០០នាក់ (ស្រី៦៧៧នាក់) សិស្សប្រឡងជាប់ជាស្ថាពរសរុបចំនួន៨៤៣នាក់ (ស្រី២៥០នាក់)។

បើតាមលោក ប៉ុក ប៉ាន់ ការបញ្ចប់វិញ្ញាបនបត្រ BEEP អាចឱ្យសិក្ខាកាមបង្កើនចំណេះដឹង និងអាចបន្តការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទទួលបានឱកាសការងារសមរម្យ។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការក៏បានស្នើសុំដៃគូអភិវឌ្ឍន៍ ពិនិត្យលទ្ធភាពជួយដោះស្រាយសេវាអ៊ីនធើណិតឱ្យបានទូលំទូលាយ ជួយផ្តល់កុំព្យូទ័រលើតុ និងកុំព្យូទ័រចល័តបន្ថែម ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស ជួយពង្រឹងប្រព័ន្ធសិក្សារបស់កម្មវិធី BEEP កាន់តែល្អប្រសើរឡើង និងជួយគាំទ្រប្រឹក្សាណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធអំពីកម្មវិធី BEEP៕

អត្ថបទដែលជាប់ទាក់ទង