ត្រីមាសទី១ ឆ្នាំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលជាង២០លានដុល្លារ និងប្រាក់ចំណេញសុទ្ធ ជាង៩លានដុល្លារ កើនឡើង២៦.៨%
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ទទួលបានចំណូលជាង២០លានដុល្លារអាមេរិក កើនឡើង១.២១% និងទទួលបានប្រាក់ចំណេញប្រមាណ៩.២លានដុល្លារ កើនឡើង ២៦.៨០% ខណៈការប្រជុំបែងចែកភាគហ៊ុនិកនឹងធ្វើឡើងនៅចុងខែឧសភានេះ។ នេះបើយោងតាមទិន្នន័យបង្ហាញដោយទីផ្សារមូលបត្រកម្ពុជា(CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។
ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលចំនួនជាង៨៣ពាន់លានរៀល (៨៣ ០១១ ៦១៣ ០០០ រៀល) ឬប្រមាណ ២០លានដុល្លារ កើនឡើងចំនួន ជាង៩៩១លានរៀល ស្មើនឹង១.២១%, ចំណេញប្រតិបត្តិការចំនួន២៦ពាន់លានរៀល ថយចុះចំនួន ៥ពាន់លានរៀល ស្មើនឹង ១៦.១២% និងចំណេញសុទ្ធ ចំនួនជាង៣៨ពាន់លានរៀល កើនឡើងចំនួនជាង៨ពាន់លានរៀល ស្មើនឹង២៦.៨០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។
មូលហេតុចម្បងនៃការកើនឡើងចំណូល ថយចុះចំណេញប្រតិបត្តិការ និងកើនឡើងចំពេញសុទ្ធក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ គឺដោយសារ ចំណូលការប្រាក់សុទ្ធ កើនចំនួន៦.២ពាន់លានរៀល ស្មើនឹង៧១.៩១%។ ពន្ធលើប្រាក់ចំណូលបានថយចុះចំនួនជាង៧ពាន់លានរៀល ស្មើនឹង ៦៧.៩៥% ទោះបីជាការចំណាយបានកើនឡើងចំនួនជាង៦.១ពាន់លានរៀល ស្មើនឹង១២.៣២%ក៏ដោយ។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការកោះប្រជុំភាគហ៊ុនិក ឬរៀបចំមហាសន្និបាទភាគហ៊ុនិក នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីកំណត់ការបែងចែកភាគលាភទៅតាមកម្រិតភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុននីមួយៗ។
លោកមានប្រសាសន៍បន្តថា ភាគហ៊ុនរដ្ឋាករទឹក ជាភាគហ៊ុនមួយដែលមានស្ថេរភាពល្អ។ ទោះបីជាការដាក់ឱ្យដំណើរការសាកល្បងនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មិនទាន់ជះឥទ្ធិពលដល់តម្លៃហ៊ុនរបស់រដ្ឋាករទឹកនាពេលបច្ចុប្បន្ននៅឡើយ ប៉ុន្តែនៅពេលខាងមុខ ពេលមានរោងចក្រផលិតកម្ម និងផលិតបានទឹកស្អាតបានបន្ថែម ដែលនឹងធ្វើឱ្យបរិមាណនៃការលក់របស់រដ្ឋាករទឹកនឹងកើនឡើង នឹងធ្វើឱ្យស្ថានភាពអាជីវកម្ម ប្រាក់ចំណូល និងប្រាក់ចំណេញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើង ។ កត្តានេះនឹងធ្វើឱ្យវិនិយោគចាប់ផ្តើមពិចារណា និងធ្វើការសម្រេចចិត្តជាថ្មី។
លោកបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៧មកភាគហ៊ុនរបស់រដ្ឋាករទឹកមានទំនោរកើនឡើងជាប្រចាំ ដែលមកដល់ពេលនេះកើនឡើងជិត៣ដង បើធៀបនឹងកាលពីឆ្នាំ២០១៧ ដែលជាសញ្ញាណមួយបញ្ជាក់ថាវិនិយោគិនកាន់តែច្រើនមើលឃើញពីសក្តានុពល និងទំនុកចិត្តលើអាជីវកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕