ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនចល័តនាវាចម្បាំង២គ្រឿង ទៅកាន់តំបន់ប៉ាស៉ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិត

65

ប៉េកាំង៖ យោធាចិននៅថ្ងៃអង្គារនេះ បានប្រកាសថា នាវាចម្បាំង២គ្រឿង ត្រូវបានចល័តទៅកាន់ផ្ទៃទឹកនៃតំបន់ប៉ាស៉ីហ្វិកខាងលិច សម្រាប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលការចល័តនេះកើតឡើងមិនយូរប៉ុន្មានឡើយ បន្ទាប់ពីនាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង ទើបតែត្រឡប់មកពីបំពេញប្រតិបត្តិការល្បាត នៅឯតំបន់នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

ទីបញ្ជាការភូមិភាគខាងត្បូងរបស់កងទ័ពចិន បានឱ្យដឹងថា ថ្មីៗនេះ នាវាចម្បាំង តាលៀន (Dalian) និងហ័ងសាន (Huangshan) បានធ្វើដំណើរទៅកាន់ទីតាំងមួយ នៃតំបន់ប៉ាស៉ីហ្វិកខាងលិច ហើយបានធ្វើសមយុទ្ធការពារនិងវាយប្រហារដោយប្រើគ្រាប់ពិតនៅទីនោះ។ ការធ្វើលំហាត់យោធានៅតំបន់ដែនទឹកឆ្ងាយពីឆ្នេរប្រទេសចិននេះ កើតមានឡើងមិនជាយូរប៉ុន្មានឡើយ បន្ទាប់ពីក្រុមនាវាយោធាចិនដែល​ដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង សានទុង (Shandong) ទើបតែត្រឡប់ចូលកំពង់ផែរបស់វាវិញ ក្នុងខែនេះ ក្រោយត្រូវបានចល័ត​ទៅក្បែរកោះតៃវ៉ាន់ និងទៅដល់តំបន់ប៉ាស៉ីហ្វិកខាងលិច។

គួរបញ្ជាក់ថា សានទុង ស្ថិតក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿង ដោយមួយគ្រឿងទៀតឈ្មោះថា លាវនីង (Liaoning) ដែលចិនកំពុងធ្វើប្រតិបត្តិការ។ បើតាមការអះអាងរបស់ក្រុមអ្នកវិភាគផ្នែកយោធា វាអាចនឹងត្រូវប្រើពេលលើសពីមួយទសវត្សរ៍ទៀត ទើបចិនអាចសមត្ថភាពខ្លាំងគ្រប់គ្រាន់ ក្នុងការប្រើប្រាស់ នាវាផ្ទុកយន្តហោះចម្បាំងនៅឆ្ងាយពីឆ្នេររបស់ខ្លួន។ បើតាមយោធាចិន កាលពីខែមីនា នាវាយោធាចិន៤គ្រឿង ដែលដឹកនាំដោយនាវាសម្រាប់ការបើកការវាយប្រហារតាមផ្លូវទឹក ឈ្មោះថា ហៃណាន (Hainan) ក៏ទើបតែបញ្ចប់ការហ្វឹកហ្វាត់នៅដែនទឹកឆ្ងាយពីឆ្នេរ ជាលើកដំបូងផងដែរ ក្រោយចំណាយពេលប្រមាណជា៣០ថ្ងៃ ធ្វើដំណើរ​ទៅកាន់ តំបន់សមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៉ីហ្វិកខាងលិច៕

អត្ថបទដែលជាប់ទាក់ទង