ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា

57

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាបន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក កិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំចុងក្រោយហើយសម្រាប់ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មុននឹងដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេច និងចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រ។

សម្ដេច បានរម្លឹកថាតួនាទីឧកញ៉ាក្នុងសង្គមខ្មែរ បានកើតមានឡើងតាំងតែពីមុនសម័យអាណាព្យាបាលបារាំងមកម្លេះ ប៉ុន្តែតាមការស្រាវជ្រាវបង្ហាញថានាសម័យនោះ តម្លៃឬតួនាទីជាឧកញ៉ា មានការខុសប្លែកពីសម័យបច្ចុប្បន្ន ដ្បិតឧកញ៉ានាពេលនោះសំដៅលើតួនាទីអ្នកដឹកនាំ មន្រ្តី ឬឥស្សរជនជាន់ខ្ពស់កាន់កិច្ចការជាតិ ឧទាហរណ៍ឧកញ៉ាចតុស្ដម្ភទាំង៤រូប។

សម្ដេចក្រឡាហោម ស ខេង បានទាញយកខ្លឹមសារក្នុងសៀវភៅរបស់លោកស្រី ត្រឹង ងា ដែលបានបានបញ្ជាក់អំពីតួនាទីឧកញ៉ាចតុស្ដម្ភទាំង៤ រួមមានឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឧកញ៉ាក្រឡាហោម រដ្ឋមន្រ្តីខាងទ័ពជើងទឹក, ឧកញ៉ាវាំង រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឧកញ៉ាចក្រី រដ្ឋមន្រ្តីខាងកងទ័ពជើងគោក។

សម្ដេចក្រឡាហោម បានបន្ថែមថាបច្ចុប្បន្ន កម្ពុជាមានអនុក្រឹត្យមួយពាក់ព័ន្ធនឹងឧកញ៉ាដែរ ហើយរដ្ឋក៏បានផ្ដល់គោរមងារឧកញ៉ាជូនសប្បុរសជនមានទឹកចិត្តសប្បុរសជួយជាតិ និងប្រជាជន ហើយក៏មានលំដាប់ឧកញ៉ាចំនួន៣ដែរដែលរួមមាន ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ព្រមទាំងមានសមាគមធ្វើការងារពាក់ព័ន្ធនឹងឧកញ៉ាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។

សម្រាប់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាព្រះរាជក្រឹត្យនេះ បានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ផ្ទាល់ខ្លួន ចូលរួមអភិវឌ្ឍន៍ និងកសាងជាតិមាតុភូមិ។

សម្ដេចបញ្ជាក់ទៀតថាព្រះរាជក្រឹត្យនេះ ក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ាដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយព្រះក្រឹត្យនេះក៏បានកំណត់គោរមងារឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។

យោងតាមសេចក្ដីព្រាង ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា មាន១០ជំពូក ចែងអំពីបទប្បញ្ញត្តិទូទៅ ស្ថាប័នមានសមត្ថកិច្ច លក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលត្រូវផ្ដល់គោរមងារឧកញ៉ា យន្តការវាយតម្លៃ ឯកសណ្ឋានផ្លូវការរបស់គោរមងារ សិទ្ធិ និងកាតព្វកិច្ច ការបញ្ចប់គោរមងារ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ៕

អត្ថបទដែលជាប់ទាក់ទង