ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើន សម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយ

75

 

កណ្តាល: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថា សូមចូលរួមអនុមោទនាត្រេកអរចំពោះសមិទ្ធផលថ្មីៗជាច្រើន ក្នុងវិស័យពុទ្ធចក្រនៅទីអារាមដ៏ចំណាស់ ជាមួយនឹងអាយុកាលប្រមាណជាង ១ សតវត្សរ៍ ដែលជាទីកន្លែងគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំ និងធ្វើបុណ្យទានតាមប្រពៃណី និងជំនឿរបស់ពុទ្ធបរិស័ទចំណុះជើងវត្តផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីផងដែរ។ វត្តធនមន្ត គឺបានឆ្លងកាត់ដំណាក់កាលជាច្រើននៃដំណើរវិវត្តន៍របស់កម្ពុជា ជាពិសេសការលំបាកក្នុងរយៈពេលសង្គ្រាមនាសម័យរដ្ឋប្រហារលន់នល់ផង និងក្នុងសម័យកាលដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្មានសេសសល់ ហើយបាន ប្រែក្លាយទីអារាមទៅជាជង្រុកស្រូវ ជំនួសឱ្យជាទីកន្លែងគោរពបដិបត្តិសាសនា។

ប៉ុន្តែបច្ចុប្បន្នយើងទាំងអស់គ្នា កំពុងសប្បាយរីករាយសាទរនូវសមិទ្ធផលដែលជាមនុញ្ញផលនៃការកសាងរបស់គណៈគ្រប់គ្រងវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ក្នុងការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរ និងផ្តល់ជាទីសុខសាន្តសម្រាប់ពុទ្ធសាសនិកគ្រប់ទិសទីក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិតថ្លែងបន្តថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានដំណើរការប្រកួតនៅលើទឹក នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥ រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អដោយឈរលើស្មារតីកីឡា និងស្របតាមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទនភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យល្បឺរន្ទឺពាសពេញតំបន់អាស៊ីអាគ្នេយ៍ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំងសាកល តាមរយៈ យុទ្ធសាស្ត្រប្រកបដោយភាពវ័យឆ្លាតរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមានការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បានផ្តល់ការស្នាក់នៅហូបចុកដល់គណៈប្រតិភូ និងកីឡាករទាំងអស់ដោយមិនគិតថ្លៃផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាពកក់ក្តៅ ដែលមានប្រជាជនពោរពេញដោយភាពរួសរាយរាក់ទាក់។ ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូងពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែងដែលកំពុងមានយ៉ាងប្រាកដនៅកម្ពុជាក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញដល់ប្រជាជនគ្រប់ជាតិសាសន៍លើពិភពលោកឱ្យបានដឹង បានស្គាល់ បានស្វែងយល់ បានមកទស្សនាកំសាន្ត និងអាចបន្តមកទស្សនាបន្តទៀតក្នុងពេលខាមុខ។ ជាក់ស្តែង មោទនភាពជាតិក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយកិត្តិយសជាតិលើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់គ្រប់កីឡាករក្នុងការប្រឹងប្រែងយកជ័យជម្នះជូនជាតិមាតុភូមិ។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ដែលក្នុងនោះមេដាយមាសចំនួន ៨១, មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធ ១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពីការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការយកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍសមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅទូទាំងប្រទេស ដែលជាចលករយ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការតម្កល់ផលប្រយោជន៍ជាតិជាធំ។

ចុងបញ្ចប់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព កម្ពុជាបាននិងកំពុងទទួលនូវមនុញ្ញផលជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍជាតិ និងប្រជាជន តាមរយៈគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចតេជោ ជាប្រមុខ។ ជាក់ស្តែងសម្រាប់កម្រិតថ្នាក់ជាតិ វិស័យអាទិភាព ៤ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ដែលបានដាក់ចេញ ហើយដែលទទួលបានលទ្ធផលជាក់ស្តែង ដូចជារាប់ចាប់ពីការសង្គ្រោះ និងរំដោះប្រទេសចេញពីរបបដ៏ខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូតមកដល់ការរស់ឡើងវិញនូវដង្ហើមសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ជាមួយនឹងការបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព។ តួយ៉ាង ក្នុងមូលដ្ឋានខេត្តកណ្តាលផ្ទាល់ ក៏បានបង្កើតនូវគម្រោងធំៗចំនួន ៣ដែលកំពុងលេចរូបរាងជាបណ្តើររួមមាន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ, ផ្លូវវាងក្រុង និងផ្លូវនាវាចរណ៍ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការបម្រើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាល “ជាតិរីកចម្រើន ទៅបាន គឺអាស្រ័យដោយប្រជាជនរីកចម្រើន”៕

អត្ថបទដែលជាប់ទាក់ទង