សម្តេចក្រឡាហោម ស ខេង ត្រួតពិនិត្យសេចក្តីព្រាង ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំឱ្យដឹងថា សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ តាក់តែងឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលពី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយការយកចិត្តទុកដាក់សំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង តាមបែបប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា និងឌីជីថល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា លើសពីនេះប្រព័ន្ធបច្ចេកវិទ្យា ក៏ជាកម្លាំងមួយយ៉ាងសំខាន់ ក្នុងការទាញយកនូវផលប្រយោជន៍ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងការតភ្ជាប់ប្រព័ន្ធជាលក្ខណៈសកលផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដទៀត យោងតាមស្មារតីនេះ និងដើម្បីជួយក្នុងការជំរុញនូវកិច្ចការកំណត់ដោយរាជរដ្ឋាភិបាល បណ្ដាក្រសួងនានាចំណុះរាជរដ្ឋាភិបាល ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងទាន់ពេលវេលាសម្រាប់ការវិឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តន៍កម្មឌីជីថល។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីទាំងអស់ បានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឍន៍ប្រសិទ្ធភាពការងារឱ្យតែល្អឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ និងបានបន្ថែមថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាការងារដ៏សំខាន់មួយក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យា។
សម្តេចក្រឡាហោម ក៏បានជំរុញបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ច៉ត់បំផុត ដែលប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល នឹងផ្តោតលើការផ្តល់សេវាសាធារណៈជាអាទិភាពសំខាន់ៗរួមមានការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ,និងប្រព័ន្ធអាទិភាពផ្សេងទៀតបន្ទាប់ពីធ្វើការសិក្សាលម្អិតជាមួយអង្គភាពជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ៕