ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំភើប ក្រោយគម្រោងជីក​ផ្លូវ​ទឹក​តភ្ជាប់ទន្លេទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញត

55

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីគម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋា​ភិបាល​អនុញ្ញាតដំណើរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធា​​រ​ណការ និងដឹកជញ្ជូន ដែលជាក្រសួងសាមីសិក្សាលើគម្រោងនេះ បានសម្តែងក្តី រីករាយ និងរំភើបជាខ្លាំង។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដូច្នេះ «នេះជាគម្រោង​ប្រវត្តិ​សាស្ត្រតាំងពីសម័យហ្វូណន មកដល់សម្តេចតេជោ ដែលយើងបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់ពីហ្វូណន ជាប្រយោជន៍ជាតិរបស់យើង ដឹក​ជញ្ជូនទំនិញទៅសមុទ្រត្រង់តែម្តង ដោយមិនបាច់ឆ្លងទៅប្រទេសជិតខាង។ គម្រោង​នេះសំខាន់ណាស់ សំខាន់មែនទែន»

លោកទេសរដ្ឋមន្ត្រីបន្ថែមថា «ខ្ញុំសប្បាយចិត្តណាស់»

ជាមួយគ្នាបន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ក៏បានសម្តែងការសាទរ និងរីករាយចំពោះគម្រោងមួយនេះផងដែរ។ ពួកគេចាត់ទុក​គម្រោងនេះ ជាគម្រោងយក្ស ជាគម្រោងប្រវត្តិសាស្ត្រផ្នែកដឹកជញ្ជូននៅកម្ពុជា។

អ្នកលេងបណ្តាញសង្គមឈ្មោះ Reaksmey Sarun បានលើកឡើងថា «ខ្ញុំនៅតែ​មាន​​ទំនប់ចិត្តលើ CPP បើទោះដើរមិនលឿនដូចប្រទេសគេ ប៉ុន្តែនៅតែដើរ​ទៅ​មុខ​បន្តជាមួយសន្តិភាព»

សូមបញ្ជាក់ថា ទីបំផុតគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដែល​ជា​គ​ម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋា​ភិ​បាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០​លាន​​ដុល្លារ និងចំណាយពេល៤ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងនៅ​ក្នុងកិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។

មុននឹងការអនុម័តលើគម្រោងនេះ​ សម្តេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បាន​បើក​ការជជែកដេញដោលគ្នាយ៉ាងយកចិត្តទុកដាក់បំផុត។ ជាពិសេសស្តាប់ការ​ពន្យល់នានាពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន ដែលជាអ្នកសិក្សា និងអនុវត្តន៍គម្រោងនេះ។

កិច្ចពិភាក្សាបានធ្វើឡើងតាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោងជាង ១រសៀល។ ជា​មួយ​នឹង​ការអនុម័តនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ​ផល​ប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្រ និងបន្តពិភាក្សាជាមួយ​គណៈកម្មា​ធិការ​ចម្រុះ នៃគណៈកម្មការទន្លេមេគង្គបន្ថែមទៀត។

គម្រោងនេះ ត្រូវបានដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារ​កម្ម​ទន្លេ​បាសាក់»។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ មាន​គោល​បំណង​ពង្រីក​នូវវិសាល​ភាពនៃការប្រើប្រាស់សក្ដានុពលលើការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក សំដៅចូលរួមលើក​កម្ពស់​សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីក​ចម្រើន​ឈានទៅមួយ​កម្រិត​ថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្រប​លើ​បញ្ហា​ប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលបាននិងកំពុង​តែជួប​ប្រទះនាពេលបច្ចុប្បន្ន។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្ត​លើក​​ទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក​របស់​កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និង​ផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់នេះ ត្រូវបានបែងចែកជាពីរ​ដំណាក់កាល ដែលប្រើប្រាស់​រយៈពេល​សរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និង​ដំណាក់កាលទី២ ការសិក្សាសមិទ្ធិ​លទ្ធ​ភាព ប្រើរយៈពេល ១២ខែ។

ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិប​តេយ្យ​ភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និង​ថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើន​ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាម​រយៈ​ការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។

តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយ​ផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បាន​ជីក​តាំង​ពី​អាណាចក្រហ្វូណនមកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយ​ខ្សែ​ផ្លូវ​ទឹក​បុរាណ ដែលបានបន្សល់ទុកស្រាប់។

គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុតទាំងលើបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ការសិក្សា ត្រូវបាន​បញ្ជាក់​លំអិត​ដូចខាងក្រោម៖

* លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក៖ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៉ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបដែល​មានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

* ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និង​សន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធី​សាស្ត្រ​ចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និង​ការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើ​ប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង ដែលស្ថិតនៅ​ខេត្ត​កណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។

* លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀត​ចូល​នៃទឹកប្រៃ៖ គម្រោងនេះនឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២ភាគរយ ប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។

ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រ​កើន​ឡើង​​លើសពី ០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀត​ចូលទឹកប្រៃ​ពី​សមុទ្រ​ក្នុង​កម្រិតអតិបរមាប្រមាណត្រឹមតែ ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណ​នេះ​ ជាចំនួន​​តិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និង​ប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០ភាគរ​យ​ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាល​ឱ្យបាត់បង់ ឬប្រែ​ប្រួលរំហូរទឹកនោះទេ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៖ ក្នុងអំឡុង​ពេល​អនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាច​គ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់​តាមស្ដង់​ដារ​ជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយលើគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។

* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥៖ គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹក​ចេញ​ពី​ទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាង​ទន្លេ​ដទៃ​ផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។

យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់​ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាច​អនុ​វត្ត​បាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈ​កម្មា​ធិកា​រ​​ចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍​នៃការ​សិក្សា​លម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការ​យល់​​ព្រមណាមួយពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។

* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ៖ លទ្ធ​ផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់​វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់​មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋា​រចនា​សម្ព័ន្ធជាតិ​ធំៗ​នោះ​ទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ដែលបាន​ជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែល​ងាយ​ស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនា​ផល​ប្រយោជន៍សេដ្ឋកិច្ច៖ គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយ​ទុន​​វិនិយោគប្រមាណ ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេល​សាង​សង់ប្រមាណ ៤ឆ្នាំ។

គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន​នាពេល​បច្ចុ​ប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥​គីឡូ​ម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។

គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារ​អាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញ​ប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦ភាគរយ។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីក​តំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រ​ដល់ការ​អភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម​នៅកំពង់ផែស្វយ័ត​ក្រុង​​ព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ​អភិ​វឌ្ឍ​ទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទដែលជាប់ទាក់ទង