ជនជាតិចិន ជាម្ចាស់ហាងក្បែរផ្សារទំនើបសូរិយា មួយកន្លែង ត្រូវជនសង្ស័យ ប្លន់អស់លុយជាង៣ម៉ឺនដុល្លារ ទាំងកណ្តាលអធ្រាត្រ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំបិត ចូលធ្វើសកម្មភាព ភ្ជុងប្លន់ម្ចាស់ហាង លក់ភេសជ្ជៈជាជនជាតិចិន មួយកន្លែង យកលុយអស់ជាង៣ម៉ឺនដុល្លារ បន្ទាប់មក បានរត់គេចខ្លួន ពីក្នុងហាងបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅក្នុងហាងលក់ភេសជ្ជៈមួយកន្លែង ផ្ទះលេខ២០Eo យីហោ “ឈិន ស៊ិន” នៅតាមបណ្ដោយផ្លូវ៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋ ឃើញហេតុការនេះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ចុះពីលើកង់បី ដើរចូលក្នុងហាងកើតហេតុខាងលើ មួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ ដោយប្រញ៉ាប់ប្រញ៉ាល់ ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ ដោយសុវត្ថិភាព ។ មួយសន្ទុះក្រោយមក ក៏មានជនជាតិចិន ស្រែកឆោឡោឡើងថា ជាករណី ប្លន់ យកលុយអស់ ចំនួនប្រមាណ ជាង៣ម៉ឺនដុល្លារ ទើបបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះមកកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននំាជនរងគ្រោះ មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ និងបើកការស្រាវជ្រាវ ករណីនេះភ្លាមៗផងដែរ៕