ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះ អាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលសេចក្តីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកនិងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានបារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះឈ្នះ និង សម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ទៅចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញសូមចេញសេចក្តីជូនដំណឹងថ្មី ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះ អាសន្នក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសសេចក្តីជូនដំណឹងលេខ ០៤៦/២៣ សជណ.ច ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖
១- រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរសម្រាប់ថ្ងៃពិធីបើក និងពិធីបិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពាន ព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
២- ក្រៅពីថៃ្ងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ខាងលើយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរ ឆ្លងកាត់ កំណាត់មហាវិថីខាងលើដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ទទួលបានសេចក្ដីជូនដំណឹងស្តីពីការបញ្ចៀសចរាចរនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌឫស្សីកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕