ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលហេតុដែលកម្ពុជា ដាក់អាទិភាពចូលជាសមាជិកអាស៊ាន គឺផ្អែកលើកត្តា ៤

1,749


ភ្នំពេញ៖ នៅវិមានសន្តិភាព ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចល្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោកណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។

លោក ណៃ សេម ណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាការចូលរួមនៅក្នុង នាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។ លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេសឆ្លងកាត់ប្រទេសជប៉ុន ប្រ៊ុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងឱ្យប្រតិភូទាំងមូល លោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំង មូលអំពីប្រវត្តិកម្ពុជាយើងដែល ចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាត មករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួល បានសុខសន្តិភាពពេញលេញ ហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះ នូវយុទ្ធសាស្រ្តត្រីកោណដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម​ និងមុំទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ​ និងមុំទី៣ឈរលើកត្តាអនុគ្រោះ ទាំងក្នុងនិងក្រៅប្រទេសជំរុញ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

បន្ទាប់មកសម្ដេច ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជា យើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤កត្តាទី ១គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង កត្តាទី ២គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយការដាក់ទណ្ឌកម្មនោះទេ ទី៣ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះ នៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ រីឯកត្តាទី ៤គឺជាច្រកចេញការទូតរបស់កម្ពុជាយើង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យ ក្នុងការធ្វើដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណារៀបចំខ្លួន ជាកូនខ្មែរពិតពិត ព្រោះប្រតិភូទាំងមូលជាតំណាងអោយប្រជាជនខ្មែរប្រមាណ ១៦លាននាក់ដែលនៅពីក្រោយហើយធ្វើយ៉ាងណា កសាងមិត្តឲ្យបានច្រើន ដើម្បីថ្ងៃអនាគតទៅអាចក្លាយទៅជាដៃគូរ សហប្រតិបត្តិការផងដែរ។ សម្ដេចក៏បានជូនពរដល់ចៅៗដែលជាយុវជន នឹងរួមដំណើរក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុននេះ ឲ្យបានទទួលសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង