ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី២ខ្សែជូនប្រជាពលរដ្ឋសង្កាត់ព្រៃវែងនិងសង្កាត់ពងទឹក

439

ភ្នំពេញ៖នៅរសៀលទី១៦ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ មានប្រវែងសរុប ៨០៦ម៉ែត្រ ដែលជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក។

មន្ត្រីជំនាញឱ្យដឹងថា៖ ផ្លូវខ្សែទី១ ប្រវែង ៤៥៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង និងខ្សែទី២ ប្រវែង៣៥១ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានធ្វើការលើកឡើង អំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នាក៏បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែង បានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០២ខ្សែ ក្នុងសង្កាត់ទាំង២នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹម ជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភ័ណភាព នៃការរស់នៅផងដែរ។

ជាមួយគ្នាះដែរលោកអភិបាលខណ្ឌ បានធ្វើការថ្លែង អំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌក៏បានណែនាំ ដល់ក្រុមហ៊ុនសូម យកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

ជាការឆ្លើយតបនោះ បងប្អូនប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន។

អត្ថបទដែលជាប់ទាក់ទង