ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមពង្រឹងកិច្ចសហការជាមួយឥណ្ឌូណេស៊ី ចាប់ពីវិស័យវប្បធម៌ដល់បច្ចេកវិទ្យា

190


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជម្រាបមន្ត្រីការទូតឥណ្ឌូណេស៊ីថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌូណេស៊ី នៅលើវិស័យអទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានអះអាងដូច្នោះ នាឱកាសទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ូឌាមេន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជា និងឥណ្ឌូណេស៊ី និងភាពស៊ីសង្វាក់គ្នានៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ តួយ៉ាងដូចជា ភាសា អក្សរសាស្ត្រ និងចម្លាក់បុរាណ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញភាគីឥណ្ឌូណេស៊ី នូវសក្តានុពលកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មរបស់កម្ពុជា ដែលកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី បានជម្រាបជូនវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ និងបានស្នើឱ្យមាន ជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះក្នុងការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោក ស៊ូឌាមេន ហាសេង បានយល់ស្របចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអាទិភាពផ្សេងទៀតជាមួយកម្ពុជា ហើយនៅសប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុង Bandung នៃខេត្តចាវ៉ាខាងលិច។

លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មមួយចំនួនទៀតពីកម្ពុជា និងបានជំរុញពាណិជ្ជករឥណ្ឌូណេស៊ី ចូលរួមព្រឹត្តិការណ៍ពិពរ័ណ៍ភូមិ១ ផលិតផល១ ដែលគ្រោងនឹងរៀបចំ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការ និងកាត់បន្ថយឱនភាព ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានអតិបរមា។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានទឹកប្រាក់សរុប ៥៣៩លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ២៦លានដុល្លារអាមេរិក និងនាំចូលមានចំនួន ៥១៤លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែក នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់ ៣១៨លានដុល្លារអាមេរិក គឺបានកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧៕

អត្ថបទដែលជាប់ទាក់ទង