ជប៉ុន ផ្ដល់កម្ចី ១៨៨លានដុល្លារដល់កម្ពុជា កែលម្អផ្លូវជនបទ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹក នៅខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ ១៨៨លាន ដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទ៣៨ខ្សែ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប។
ពិធីចុះហត្ថលេខាផ្តល់កម្ចីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ប្រាក់កម្ចីខាងលើនេះ សម្រាប់អនុវត្តគម្រោងចំនួនពីរដូចខាងក្រោម៖
ទី១៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ៖ គម្រោងនេះ មានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩.៧គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
គម្រោងនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។
ទី២៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣៖ គម្រោងនេះ នឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹក និងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប។
តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណជប៉ុន ចំពោះការបន្តផ្ដល់ជំនួយដល់កម្ពុជា។ កាយវិការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះលោកឯកអគ្គរាជទូត UENO Atsushi និងសហការី នៅស្ថានទូតជប៉ុន ព្រមទាំងមន្រ្ដីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងកិច្ចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា ព្រមទាំងធ្វើឲ្យកាន់តែស៊ីជម្រៅ និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕