ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមបញ្ជូនឈ្មួញគ្រឿងញៀនម្នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀនម៉ាទឹកកកប្រមាណទម្ងន់ ៣១.៧១៣ក្រាម

67

 

បាត់ដំបង ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១.៧១៣,៣៤ក្រាម។

យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការស្ដី និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបង្ក្រាបបាន គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣៣៨,៨៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១,២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនមានគ្រឿងញៀនមួយចំនួនទៀតលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។ លុះដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានចុះទៅដល់បន្ទប់ជួល ចំណុចខាងលើ ហើយធ្វើការឆែកឆេរ រកឃើញគ្រឿងញៀនម៉ាទឹកកកចំនួន ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥ក្រាម, កាបូបយួរដៃចំនួន០២, ការ៉ុងចំនួន០២ ។

វត្ថុតាងដកហូតបានរួមមាន៖គ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១.៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់ដុល្លារ១០០ដុល្លារ, ប្រាក់រៀល៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថង់តែច្រកគ្រឿងញៀន០១ថង់, កាបូបយួរដៃចំនួន០២ និងការ៉ុងចំនួន០២ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង