ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ មកលើវិស័យអធិការកិច្ចកម្ពុជា ដែលបុព្វហេតុប្រឆាំងនឹងអំពើពុករលួយ

106

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអនុញ្ញាតិឱ្យគណប្រតិភូឡាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀល ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានបន្តទៀតថា ទស្សន:កិច្ចរបស់ឯកឧត្តម នាថ្ងៃនេះ មានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចនៃប្រទេសយើងទាំងពីរ និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត។

ឯកឧត្តម បណ្ឌិត ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរចំពោះការរីកចំរើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និង កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ។

ឯកឧត្តមបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបានជួយជ្រោមជ្រែងជួយដល់ប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវដី ១៩។
បន្ទាប់មកទៀត ឯកឧត្តមមានការចាប់អារម្មណ៍ និងបានស្នើសម្តេចកិត្តិសង្គហបណ្ឌិត ដើម្បីបានចែករំលែកនូវពិសោធន៍ដែលពាក់ព័ន្ធវិស័យអធិការកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួង រួមមាន ៖ ទី១. ធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមាន ៖ ធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បើរួមចំណែក បង្ការ ទប់ស្កាត់អំពើពុករលួយ និងជម្រុញប្រសិទ្ធិភាពការងាររដ្ឋ។ ទី២. ទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ទី៣. ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលក្នុងនោះមានការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និង ទី៤. ការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត និងគណ:ប្រតិភូឡាវទទួលបានភាពរីករាយ និងសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង