ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែហាង សាលម៉ុន ស៊ូស៉ីបាខេត្តមណ្ឌលគិរី សម្លាប់ខ្លួន ដោយសារតែជាប់បំណុលច្រើនពេក

124

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ដែលជាថៅកែភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា មានវិប្បត្តិផ្លូវចិត្ត ដោះមិនចេញ ដោយសារជាប់បំណុលធនាគារច្រើន គិតខ្លីជក់ថ្នាំញៀនអស់២កញ្ចប់ រួចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួន ។

ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងភោជនីយដ្ឋាន យីយោ សាលម៉ុនស៊ូស៊ីបា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង០៩ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

សពមានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋាន សាលម៉ុនស៊ូស៊ីបា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ច ក្រោយពីស៊ើបសួរ ស្រាវជ្រាវ បែកធ្លាយព័ត៌មាន ជនរងគ្រោះជាប់បំណុលធនាគារច្រើន ហើយនៅក្នុងហាងរកឃើញសំបកកំប៉ុងស្រាបៀដែលជនរងគ្រោះហូប និងសំណល់កញ្ចប់គ្រឿងញៀនចំនួន២កញ្ចប់ដែលជនរងគ្រោះជក់ ។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទីព្រឹក មានបុគ្គលិកភោជនីយ៍ដ្ឋានជប៉ុនសាលម៉ុនស៊ូស៊ីបា ឈ្មោះកេង ស្រីនិច ភេទស្រី ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន:ភូមិចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរាយការណ៍ទៅ សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យថា មានករណីមនុស្សចងកស្លាប់នៅក្នុងភោជនីយដ្ឋានជប៉ុនសាម៉ុនស៊ូស៊ីបា។

លោកអធិការបន្តថា ភ្លាមៗនោះកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ សពមានឈ្មោះ លី សុខធា ភេទប្រុស ជនជាតិខ្មែរ អាយុ៤៥ឆ្នាំ មុខរបរម្ចាស់ភោជនីយ៍ដ្ឋានជប៉ុនសាលម៉ុនស៊ូស៊ីបា ទីកន្លែងកំណើត ភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅភោជនីយដ្ឋានជប៉ុនសាលមុនស៊ូស៊ីបា ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមការសាកសួរពីអ្នករាយការណ៍ខាងលើដែលជាបុគ្គលិកក្នុងហាងបានឆ្លើយបំភ្លឺថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទីយប់សពខាងលើបានប្រើគាត់ឲ្យទៅទិញប៊ីយែABC ចំនួន១០កំប៉ុងមកឱ្យគាត់ នៅក្នុងហាងរួចក៏ឲ្យគាត់ទៅផ្ទះមុន ។ លុះពេលព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទីព្រឹក ពេលគាត់ត្រឡប់មកធ្វើការដូចរាល់ដង ស្រាប់តែបើកទ្វារមកឃើញម្ចាស់ភោជនីយដ្ឋានចងកស្លាប់តែម្ដង។ ហើយក៏រាយការណ៍ប្រាប់មកសមត្ថកិច្ច។ ប្រភពបញ្ជាក់ថា កន្លងមកជាទម្លាប់រៀងរាល់ថ្ងៃសពខាងលើតែងតែប្រើគាត់ឲ្យទិញប៊ីយែចំនួន១០កំប៉ុងរាល់ថ្ងៃហើយគាត់ផឹកតែម្នាក់ឯង ។

បើតាមការសន្និដ្ឋាន ផ្តើមចេញពីវិប្បត្តិផ្លូវចិត្ត ដោះមិនចេញហូបស្រាបៀ និងជក់គ្រឿងញៀនលើសកម្រិត រួចបញ្ចប់ជីវិតខ្លួនឯង ។ យោងតាមការត្រួតពិនិត្យសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តបានសន្និដ្ឋានថា សពខាងលើដែលត្រូវជាម្ចាស់ហាងពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង