ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដា្ឋនពន្ធដារ ជំរុញឲ្យសហគ្រាសទិញ-លក់រថយន្ត ចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ

77

 

ភ្នំពេញ ៖ អគ្គនាយកដា្ឋនពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ
ជូនសហគ្រាសទិញ-លក់រថយន្ត ដើម្បីជំរុញការចុះបញ្ជីពន្ធដារនិងការបំពេញកាតព្វកិច្ចសារពើពន្ធ។

នាថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការផ្តល់សេវាពន្ធដារ ការជំរុញការចុះបញ្ជី ពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កន សម្បត្តិ និងឯកឧត្តម ហោង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីលោកឧកញ៉ា ឈុន គឹមស៊្រុន ជាប្រធានសមាគម អ្នកលក់យានយន្តកម្ពុជា។

ឯកឧត្តម ហេង សុខណាង ថ្លែងសុន្ទរកថា សមាគមអ្នកលក់យានយន្តកម្ពុជា(Cambodia Auto Dealers Association-CADA) និងមន្ត្រីរាជការពន្ធដារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀតនូវកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកលក់យានយន្ត
នៅកម្ពុជា។ ជាមួយនេះ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកនៃសមាគមអ្នកលក់យានយន្តកម្ពុជា ឱ្យចូលរួមជំរុញ និង ចងក្រងពង្រីកសមាជិកឱ្យបានកាន់តែច្រើន ដើម្បីចូលរួមចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ សំដៅធានានូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពរវាងអ្នកប្រកបអាជីវកម្មលក់យានយន្តទាំងអស់។

គួររំលឹកថា ការរៀបចំកិច្ចប្រជុំនេះ ជាវេទិកាពិភាក្សាក្នុងការចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ស្វែងរក មធ្យោបាយដើម្បីជំរុញអ្នកប្រកបអាជីវកម្មលក់យានយន្ត ចូលខ្លួនចុះបញ្ជីពន្ធដារ បំពេញកាតព្វកិច្ចសារពើពន្ធ និងធ្វើការ ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកាតព្វកិច្ចទាំងនេះ ក៏ដូចជាឆ្លើយតបនូវរាល់ចម្ងល់របស់សមាជិកនៃសមាគម
អ្នកលក់យានយន្តកម្ពុជាប្រកបដោយសង្គតិភាពជាមួយព័ត៌មានត្រឹមត្រូវចៀសវាងភាពស្រពេចស្រពិល ដែលកន្លងមក អ្នកប្រកបអាជីវកម្មមួយចំនួនមានការភាន់ច្រឡំចំពោះការបំពេញកាតព្វកិច្ចសារពើពន្ធ។ កិច្ចប្រជុំពិភាក្សានេះក៏មានការ ធ្វើបទបង្ហាញស្តីពី “កាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសទិញ-លក់រថយន្ត” ដោយលោក ប៉ូ ពិសិដ្ឋ អនុប្រធាន
នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម។

បន្ទាប់ពីការធ្វើបទបង្ហាញលើប្រធានបទខាងលើរួច ឯកឧត្តមបណ្ឌិត កន សម្បត្តិ បានលើកឡើងថា អនុលោម តាមមាត្រា២០៣ នៃច្បាប់ស្តីពីសារពើពន្ធបានចែងថា ១. បុគ្គលទាំងឡាយត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុង ១៥ថ្ងៃក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ចឬសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់សា្ថប័ន ឬអង្គការនានា… ២. បុគ្គលទាំងឡាយត្រូវជូនដំណឹងទៅរដ្ឋបាលសារពើពន្ធ ក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយពីការផ្លាស់ប្ដូរ អាសយដ្ឋាន ទ្រង់ទ្រាយ នាមករណ៍ កម្មវត្ថុអាជីវកម្ម ការផ្ទេរ ការបញ្ឈប់អាជីវកម្ម សមាសភាពអ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកកិច្ចការពន្ធដាររបស់សហគ្រាស។ សកម្មភាពសេដ្ឋកិច្ច សំដៅដល់សកម្មភាពរបស់បុគ្គលដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរកឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាដល់បុគ្គលដទៃក្នុង គោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ។ ជាមួយគ្នានេះ មាត្រា២០៥ នៃច្បាប់នេះ បានចែងថា “រដ្ឋបាលសារពើពន្ធ មានសិទ្ធិចុះបញ្ជី ចំពោះបុគ្គលទាំងឡាយដែលច្បាប់បានកំណត់ឱ្យចុះបញ្ជីហើយពុំបានមកចុះបញ្ជី ក្នុងករណីនេះ រដ្ឋបាល សារពើពន្ធអាចកំណត់កាលបរិច្ឆេទមានប្រសិទ្ធភាពនៃការចុះបញ្ជី”។

ឯកឧត្ដមបណ្ឌិតអគ្គនាយករង ក៏បានគូសរំលេចអំពី អត្ថប្រយោជន៍នៃការចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ដែលរួមមាន៖ ១. មានឈ្មោះជាសហគ្រាសបានអនុវត្តត្រឹមត្រូវ តាមច្បាប់កំណត់ ២. ចៀសផុតពីការចុះបញ្ជីជាឯកតោភាគី ៣. ទទួលបាននូវសេវាផ្ដល់ព័ត៌មានជាប្រចាំអំពីដំណើរការ នៃប្រព័ន្ធពន្ធដារ និងនីតិវិធីនៃការកំណត់ពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ៤. សម្រាប់យន្តការអាករលើតម្ល បន្ថែមនៅពេលលក់ឱ្យ អតិថិជនជាបុគ្គលជាប់អាករ បុគ្គលនោះអាចទទួលបានអាករលើធាតុចូល ដើម្បីធ្វើការកាត់កង ជាមួយអាករលើធាតុចេញ ៥. ចំពោះចំណាយរបស់បុគ្គលជាប់អាករនោះ អាចអនុញ្ញាតឱ្យកាត់កងបាន ៦. ទទួលបាន ការលើកទឹកចិត្តផ្សេងៗស្របតាមគោលនយោបាយផ្នែកពន្ធដាររបស់រាជរដ្ឋាភិបាល ៧. ការប្រកួតប្រជែងដោយស្មើភាពរវាង អាជីវកម្មនិងអាជីវកម្ម ៨. អាចទទួលបានការទុកចិត្តពីអ្នកវិនិយោគទុនក្នុងនិងក្រៅប្រទេស ក្នុងការសម្រេចធ្វើការវិនិយោគ ជាមួយសហគ្រាស ដែលមាន អនុលោមភាពសារពើពន្ធ ៩. អាចប្រើប្រាស់វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណពន្ធប៉ាតង់ ក្នុងកិច្ចធានាក្នុងគោលដៅផ្សេងដូចជា ការស្នើសុំហិរញ្ញប្បទានពីធនាគារពាណិជ្ជ សម្រាប់ពង្រីកអាជីវកម្ម ឬការស្នើសុំ ទិដ្ឋាការចូលប្រទេសនានា ១០. អាចចូលរួមដេញថ្លៃក្នុងការផ្គត់ផ្គង់ទំនិញឬសេវា ដោយប្រើប្រាស់ថវិការដ្ឋ ១១. ចូលរួមចំណែកក្នុងការបង់ពន្ធចូលថវិការដ្ឋ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យបានរីកចម្រើន សំដៅលើកកម្ពស់កិត្យានុភាព ឱ្យកាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង១២. អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃអង្គប្រជុំបានចូលរួមផ្តល់យោបល់ និងលើកឡើងពីការតាំងចិត្តផ្តល់កិច្ចសហការជំរុញ សមាជិកនៃសមាគមអ្នកលក់យានយន្តកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ព្រមទាំងបានលើកជាសំណួរយ៉ាងផុសផុល ដើម្បីជាការពិភាក្សាចែករំលែកចំណេះដឹង និងចំណេះធ្វើ ទាំងបទប្បញ្ញត្តិ ទាំងការអនុវត្ត និងមានការលើកឡើងនូវ សំណូមពរពាក់ព័ន្ធផងដែរ។
ទន្ទឹមនឹងនេះ លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម បានស្នើសុំនូវកិច្ចសហការពីសមាគមអ្នកលក់យានយន្តកម្ពុជា ផ្តល់នូវបញ្ជីឈ្មោះសមាជិកនៃសមាគមទាំងអស់ ដែលបានចុះបញ្ជីពន្ធដាររួចរាល់ ដើម្បីឱ្យអគ្គនាយកដ្ឋានពន្ធដារផ្ដល់នូវសេវាជូនអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត កន សម្បត្តិ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានសហគ្រាសប្រកបអាជីវកម្ម លក់យានយន្តចំនួន ៥១៨ សហគ្រាស ហើយដែលបានចុះបញ្ជីពន្ធដាររួចរាល់ និងកំពុងបំពេញកាតព្វកិច្ចសារពើពន្ធក្នុង ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាដែលបានចូលរួមក្នុង កិច្ចប្រជុំពិភាក្សានេះ រួមទាំងអ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ដែលជាសមាជិក និងមិនមែនជាសមាជិកសមាគម ព្យាយាមឈ្វេងយល់ឱ្យកាន់តែច្បាស់ថែមទៀតនូវបទប្បញ្ញត្តិ នីតិវិធីនៃការចុះបញ្ជីពន្ធដារ ការបំពេញកាតព្វកិច្ចសារពើពន្ធ និងលើកទឹកចិត្តអ្នកប្រកបអាជីវកម្មលក់រថយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលខ្លួនចុះបញ្ជីពន្ធដារ និងបំពេញ កាតព្វកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពសារពើពន្ធនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង