អាជ្ញាធរមីនកម្ពុជា ប្រកាសក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងខេត្តពោធិ៍សាត់ ជាក្រុង ស្រុកអស់មីន
ពោធិ៍សាត់៖ អាជ្ញាធរមីនកម្ពុជា បានប្រកាសក្រុងពោធិ៍សាត់ ,ស្រុកបាកាន ,ស្រុកក្រគរ និងស្រុកកណ្តៀងជាក្រុង និងស្រុកអស់មីន ប្រជាពលរដ្ឋរស់នៅប្រកបអាជីវកម្មមិនមានហានិភ័យទៀតនោះទេ ។
លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងឯ.ឧ ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសបែបនេះ ខណៈ លោក ចុះជួបប្រជាពលរដ្ឋ ដើម្បីប្រកាសប្រាប់ពលរដ្ឋកុំឲ្យមានការព្រួយបារម្មណ៏ ភ័យខ្លាចរឿងមីននៅលើទឹកដី ក្រុង ស្រុករបស់ខ្លួនទៀត. កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ដ្រីបានឲ្យដឹងថា ៖ ខេត្តពោធិ៍សាត់ ចាប់ពីឆ្នាំ១៩៩៣ គ្រាប់មីនប្រឆាំងមនុស្សចំនួន៨៨.៧២៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤១៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៧៩.៣៨៦ គ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល ក្នុងទំហំផ្ទៃដីប្រមាណជា ៥៤.៩១៤.១២៦ ម៉ែត្រក្រឡា ស្មើនឹង ៨៨៥ ចម្ការមីន/គ្រាប់ ដោយប្រតិបត្តិករចំនួន ៥ រួមមាន៖ ស៊ីម៉ាក់ កងកម្លាំងរក្សាសន្តិភាព Halo Trust, MAG និងអង្គការដោះមីនកម្ពុជា (CSHD)។ ក្នុងនោះ ផ្ទៃដីមានមីន/គ្រាប់នៅក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្តៀង ដែលត្រូវប្រកាសអស់មីន ចំនួន ៨.៦៨៩.១៦៥ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦៣.៩៩៣ គ្រាប់ មីនប្រឆាំងរថក្រោះ ៥៥ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៣.៣៦៦ គ្រាប់។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ទោះបីបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹង ក្នុងក្រុងស្រុកចំនួន៤ និងត្រូវប្រកាសអស់មីនក៏ដោយ ខេត្តពោធិ៍សាត់ នៅសល់ស្រុកចំនួន ០៣ ទៀត កំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមមាន ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែង និងស្រុកតាលោសែនជ័យ ក្នុងទំហំផ្ទៃដីប្រមាណជា ៧០.០៤៩.៥៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៨៣ ចម្ការមីននិងគ្រាប់ និងតំបន់សង្ស័យថ្មីៗមួយចំនួនទៀត ដែលប្រតិបត្តិកររបស់យើងបានរកឃើញ និងកំពុងពិនិត្យវាយតម្លៃ ដោយអាជ្ញាធរមីន។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ៣០ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៧៦ ភាគរយ និងផ្សេងៗ ២៤ ភាគរយ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម។ ប៉ុន្តែ ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជា និងមានការ ចូលរួមពីដៃគូអភិវឌ្ឍន៍ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជា ១៨៨៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ១២.៦០៧ ចម្ការមីន/គ្រាប់ និងមានប្រជាពលរដ្ឋជាង ១,១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនេះ។ ក្នុងនោះ ផ្ទៃដីមានមីន ៥៦៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៩២០ ចម្ការមីន ដែលកម្ពុជា មានមហិច្ឆតាត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ។ ដោយឡែក ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោមចំនួន ៧២៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៥១៤ ចម្ការគ្រាប់ និងផ្ទៃដីសង្ស័យមានយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៩៣ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣១៧៣ ចម្ការគ្រាប់ យើងនឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការងារបោសសម្អាតមីន។
លោកបានបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០២៣ នេះ ដោយមានការតាំងចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ផ្ទៃដីមានមីនប្រមាណជា ៣៥៦ គីឡូម៉ែត្រក្រឡា ត្រូវបានរៀបចំផែនការបោសសម្អាត។ កម្ពុជា នឹងមានរាជធានីខេត្តចំនួន ១៨ ត្រូវប្រកាសអស់មីន ហើយក្រោយឆ្នាំ២០២៣ កម្ពុជាអាចនឹងនៅសល់ផ្ទៃដីមានមីន ដែលបានដឹងខេត្តចំនួន ០៧ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានបញ្ហាមីនស្មុគស្មាញ និងហានិភ័យខ្ពស់ ៕ . សំរិត