ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពន្យារពេលធ្វើជំរឿនកសិកម្ម រហូតឆ្នាំ២០១៩ ដោយក្រសួងផែនការមិនមានថវិកាគ្រប់គ្រាន់

96


ភ្នំពេញ៖ លោក ឆាយ ថន បានលើងកឡើងថា តាមទម្លាប់ការធ្វើជំរឿនកសិកម្ម ត្រូវធ្វើឡើងរយៈពេល១០ឆ្នាំម្តង ប៉ុន្តែដោយសារឆ្នាំ២០១៨នេះ ក្រសួងមិនមានថវិកាគ្រប់គ្រាន់ ទើបត្រូវបានពន្យារពេលធ្វើ នៅឆ្នាំ២០១៩។

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញបើកសិក្ខាសាលាស្តីពី អ្នកផលិត អ្នកប្រើប្រាស់ទិន្នន័យ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍គម្រោងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ និងអង្កេតកសិកម្មប្រចាំឆ្នាំ ដោយមានការចូលរួមពីលោក Piero Conforti. FAO Rome Statistics Division លោក Flavio Bolliger តំណាងអង្គការFAOប្រចាំទីក្រុងរ៉ូម លោក Alexander Huynh តំណាងអង្គការFAOប្រចាំកម្ពុជា លោក Michael A.Steiner តំណាងនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក(USDA) លោកស្រី Sang E.Lee តំណាងអង្គការUSAIDប្រចាំកម្ពុជា ព្រមទាំង តំណាងអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានាចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កសិកម្មគឺជាវិស័យអាទិភាពចម្បងមួយ ក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ដែលជាកម្លាំងចលករជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជាវិស័យស្បៀងដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វជាដើម។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ប្រសិនបើមើលទៅលើទិន្នន័យ ដែលបានមកពីការធ្វើជំរឿនកសិកម្មលើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០១៣កន្លងទៅ ចំនួនគ្រួសារសរុបនៅកម្ពុជាប្រមាណ៨៥% ប្រកបមុខរបរកសិកម្ម ដូចជាធ្វើស្រែចំការ ដាំដំណាំ ចិញ្ចិមសត្វ និងវារីវប្បកម្ម នេសាទជាដើម។ ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជាង២៥% ទទួលបានពីវិស័យសេដ្ឋកិច្ចបឋមមួយនេះ។
លោកបានមានប្រសាសន៍ថា តាមទម្លាប់ការធ្វើជំរឿនកសិកម្ម ត្រូវធ្វើឡើងរយៈពេល១០ឆ្នាំម្តង ប៉ុន្តែដោយសារឆ្នាំ២០១៨នេះ ក្រសួងមិនមានថវិកាគ្រប់ គ្រាន់ ទើបត្រូវបានពន្យារពេលធ្វើ នៅឆ្នាំ២០១៩តែម្តង។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា “ឆ្នាំ២០១៨ គឺជាឆ្នាំដែលវិទ្យាស្ថានជាតិស្ថិតិ ត្រូវធ្វើអង្កេតពាក់កណ្តាលជំរឿនកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្ម និងជលផល។ ហេតុដូចនេះហើយទើបយើងកំពុងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីគិតគូរ ពិភាក្សាគ្នា អំពីផែនការដ៏មានសារសំខាន់មួយនេះ។ គួររម្លឹកផងដែរថា ដោយសារតែឆ្នាំ២០១៨ យើងពុំទទួលបានថវិកាគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការគម្រោងនេះ ទើបយើងពន្យារការងារនេះទៅដល់ឆ្នាំ២០១៩”។

លោកទេសរដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បាននិងកំពុងតាំងចិត្តខ្ពស់ ក្នុងការធ្វើអង្កេតពាក់កណ្ដាលជំរឿនកសិកម្មឆ្នាំ២០១៩ និងការប្រមូលទិន្នន័យប្រចាំឆ្នាំ នាពេលខាងមុខនេះ ឲ្យសម្រេចខាងតែបានជោគជ័យ និងដោយមិនភ្លេចរួមសហការ ជាមួយដៃគូអភិវឌ្ឍន៍ដូចជា អង្គការ FAO និងនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (USDA) ផងដែរ។ម្យ៉ាងវិញទៀត ការអនុវត្តគម្រោងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ នឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាការបច្ចេកទេសជំរឿនកសិកម្មឆ្នាំ២០១៣ ដែលមានសមាសភាពមកពីក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធមួយចំនួនទៀត ហើយបើយោងទៅលើផែនការមេ ការធ្វើអង្កេតពាក់កណ្ដាលជំរឿនកសិកម្មឆ្នាំ២០១៩ ចែកជា ៤តំណាក់កាលធំៗគឺ៖

ដំណាក់កាលទី១៖ ជាដំណាក់កាលពង្រឹងសមត្ថភាព ដោយផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពមន្រ្តីស្នូលនៅថ្នាក់ជាតិ និងមន្រ្តីនៅថ្នាក់ក្រោមជាតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម តាមរយៈការបង្កើតឡើងវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលចងក្រង វិភាគ បង្ហាញ ផ្សព្វផ្សាយ និងជាពិសេសការបណ្តុះបណ្តាលការប្រើប្រាស់ម៉ាស៊ីន Tablet សម្រាប់ស្រង់ព័ត៌មាន ដែលវាជាបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលពេញនិយមក្នុងការងារស្ថិតិនាសម័យកាលទំនើបកម្មនេះ។

ដំណាក់កាលទី២៖ ជាដំណាក់កាលចុះប្រមូលទិន្នន័យជាក់ស្តែង នៅតាមមូលដ្ឋានដែលត្រូវបានជ្រើសរើសគំរូ ដោយគ្រោងប្រើប្រាស់ម៉ាស៊ីន Tablet ជំនួសឲ្យការប្រើប្រាស់ ក្រដាសដែលត្រូវចំណាយច្រើន។

ដំណាក់កាលទី៣៖ ជាដំណាក់កាលដែលផ្តោតទៅលើការ វិភាគទិន្នន័យស៊ីជម្រៅ រួមទាំងការផលិតផែនទីស្ថិតិកសិកម្ម ជលផលរហូតទៅដល់កម្រិតតូចបំផុត។

ដំណាក់កាលទី៤៖ ជាដំណាក់កាលផ្តោតទៅលើការពង្រីកវិសាលភាព នៃការផ្សព្វផ្សាយទិន្នន័យកសិកម្ម និងជលផលតាមគ្រប់មធ្យាបាយ ទាំងតាមរយៈការបោះពុម្ពផ្សាយ ការដាក់បញ្ចូលទិន្នន័យទាំងអស់នោះចូលទៅក្នុងប្រព័ន្ធគេហទំព័រ (Website) ដែលអាចបង្ករឲ្យមានភាពងាយស្រួលមួយកម្រិតធំទៀត សម្រាប់អ្នកប្រើប្រាស់ទិន្នន័យស្ថិតិគ្រប់ស្រទាប់ ដោយចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងពីថ្នាក់តំបន់ទៅដល់ថ្នាក់ អន្តរជាតិ។

គួររម្លឹកថា ការធ្វើជំរឿនកសិកម្មឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តដោយមានកិច្ចសហការគ្នារវាងក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍មានដូចជា អង្គការ FAO អង្គការ Sweden Sverige ជំនួយអូស្រ្តាលី (Australian Aid) និងអង្គការ USAID បានអនុវត្តន៍ប្រកបដោយជោគជ័យ និងបានបង្ហាញនូវទិន្នន័យស្ថិតិ និងសូចនាករកសិកម្ម សំខាន់ៗដូចជា ស្ថិតិនៃការដាំដុះ ការចិញ្ចឹមបសុសត្វ បសុបក្សី និងស្ថិតិវារីវប្បកម្ម។ ទិន្និន័យនេះ ត្រូវបានប្រកាសលទ្ធផលជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នាពេលកន្លងទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង