ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ

127


ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” លោករដ្ឋមន្រ្តីកសិកម្ម បានស្នើដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មគ្រប់ប្រភេទ កម្ពស់ការប្រើប្រាស់ដីធ្លី ព្រមទាំងពង្រឹងសមត្ថភាព គ្រប់គ្រងសហគមន៍នេសាទ ឱ្យកាន់តែមានប្រសិទ្ធភាព។

នាព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal មានរៀបចំសិក្ខាសាលាស្តីពី “El Nino-Southern Oscillation (ENSO), and Enabling the Business in Agriculture (EBA)” ក្រោមអធិបតីភាព លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវត្តមានចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះធនាគារពិភពលោក ក្នុងការផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងដំណើរការអង្គសិក្ខាសាលានាពេលនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមោទនភាព ដើម្បីចែករំលែកបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ ដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីជាត្រីវិស័យមួយរួមចំណែក កំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលា ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីសម្រេចគោលដៅឱ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងគោលបំណងដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ផលប៉ះពាល់ពីឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” លោករដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូល ដើម្បីពិចារណាអនុវត្តឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រកបដោយប្រសិទ្ធភាពដូចតទៅ៖

ទី១. បង្កើនសមត្ថភាពស្ថាប័ន និងធនធានមនុស្ស លើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ នៃពូជដំណាំ ពូជសត្វ និងធនធានជលផល ដែលមានលទ្ធភាពបន្ស៊ាំទៅនឹងភាពរាំងស្ងួត ទឹកជំនន់ ការកើនកម្តៅ និងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ដែលបណ្ដាលមកអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយត្រូវពង្រឹងការងារពិសោធន៍ស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) ឱ្យមានសន្ទុះកាន់តែខ្លាំងឡើង។

ទី២. បង្កើនសមត្ថភាពដល់កសិករងាយរងគ្រោះ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងផលិតកម្មដំណាំ និងសត្វ ដែលអាចបន្ស៊ាំបានទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយជំរុញឲ្យបានខ្លាំងក្លា នូវសេវាកម្មផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ ដែលបានអភិវឌ្ឍទៅក្នុងលក្ខខណ្ឌ ផលិតកម្មជាក់ស្ដែង ដើម្បីធានាសុវត្ថិភាពស្បៀង និងបង្កើនប្រសិទ្ធភាពអន្តរាគមន៍ជួយសង្គ្រោះ និងស្តារការខូចខាតដែលបណ្តាល មកពីឥទ្ធិពលនៃបាតុភូតធម្មជាតិ។

ទី៣. កាត់បន្ថយនូវការបាត់បង់ និងរេចរឹលព្រៃឈើ និងផលិតកម្មកសិកម្មពុំសមស្រប ដោយជំរុញលើកទឹកចិត្តឱ្យមានការអភិរក្ស ការគ្រប់គ្រង និងការអភិវឌ្ឍធនធនធម្មជាតិប្រកបដោយចីរភាព ជាពិសេសការពង្រឹងសហគមន៍ព្រៃឈើ រួមបញ្ចូលការចិញ្ចឹមសត្វ ការដុះដំណាំមួយចំនួនក្នុងការបង្កើន គម្របព្រៃឈើ ហើយអាចទាញយកផលប្រយោជន៍សម្រាប់សហគមន៍ ដែលមានលក្ខណៈសេដ្ឋកិច្ច ។ ទន្ទឹមនឹងនេះ ក៏ត្រូវជំរុញការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យជលផល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ទប់ស្កាត់ការបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង បង្កើនការស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មគ្រប់ប្រភេទ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៤. ជំរុញការអភិវឌ្ឍធនធានមនុស្ស សម្រាប់ជាមូលដ្ឋានគន្លឹះនៃការចូលរួមចំណែកបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ ដែលបង្កដោយឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” ការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំ សត្វ ព្រៃឈើ និងជលផល តាមរយៈការអប់រំបណ្ដុះបណ្ដាល ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយចំណេះដឹង និងចំណេះធ្វើដែលពាក់ព័ន្ធនឹងការ ប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅនៃភពផែនដី។ ជាមួយគ្នានេះ ប្រព័ន្ធស្ថិតិកសិកម្ម ដែលបង្ហាញពីទិន្នន័យជាក់លាក់នៃផលប៉ះពាល់ បង្កដោយឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” នឹងត្រូវពង្រឹងឱ្យបានសមស្រប។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាយន្តការដ៏មានប្រសិទ្ធភាព នៃការជួយសម្រាលការលំបាក របស់ប្រជាជនដែលរងគ្រោះ ហើយប្រព័ន្ធស្បៀង បម្រុងកម្ពុជា ក៏នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីជួយដល់អ្នករងគ្រោះពីបាតុភូតធម្មជាតិ ពិសេសយកចិត្តទុកដាក់ដល់ស្តី្រ និងកុមារជាចម្បង។

ទី៥. សូមស្នើដល់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិទាំងអស់ សូមបន្តគាំទ្រ ទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុ សម្រាប់ការអនុវត្តបណ្តាវិធានការនានា ដូចមានចែងក្នុងគោលនយោបាយនានា និងផែនការសកម្មភាព ពាក់ព័ន្ធនឹងការការប្រែប្រួលអាកាសធាតុ ពិសេស ឥទ្ធិពលនៃបាតុភូតធម្មជាតិ “El Nino” កម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះ គុណភាពដី ការសិក្សាពាក់ព័ន្ធដល់ការបង្កើត ការធានារ៉ាប់រងកសិកម្ម ការកំណត់តំបន់ដាំដុះកសិកម្ម រួមជាមួយនឹងផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងធនធានក្នុងការផ្លាស់ប្តូរមុខដំណាំ។

ទី៦. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយស្ថិរភាព តាមលក្ខការណ៍នៃការគ្រប់គ្រងទឹកបៃតង ការធ្វើនវានុវត្តន៍កសិកម្ម ដោយមានការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការដាំដុះ ដែលមានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបាតុភូតធម្មជាតិ “El Nino” ដោយដាក់បញ្ចូលគោលការណ៍ ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ដើម្បីធានាឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ រវាងកសិករនិងកសិករ ព្រមទាំងត្រូវធ្វើឱ្យប្រសើរឡើង ដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាពទាំងឡាយ ឱ្យស្របទៅនឹងការផ្លាស់ប្តូរ លក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី៧. ត្រូវបន្តអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាមួយគ្នានេះ គ្រប់ភាគីពាក់ព័ន្ធ អង្គភាពជំនាញត្រូវបន្តខិតខំ ក៏ត្រូវលើកកម្ពស់ការប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករ ទៅជា កសិ-ពាណិជ្ជករ” ជាពិសេសកសិករ ដែលមានដីស្រែចម្ការតិចតួច ឲ្យទទួលបានប្រាក់ចំណូល ស្របតាមកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាព នៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះ ឱ្យអស់លទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ជួយគិតគូរឱ្យបានស៊ីជម្រៅដោយ មិនត្រូវធ្វើតាមគ្នានោះឡើយ ហើយក៏ជាការងារមួយ ដែលអាចជួយកាត់បន្ថយ ការធ្វើចំណាកស្រុករបស់បងប្អូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង