រដ្ឋមន្ត្រីការបរទេសឥណ្ឌា លាលែងពីតំណែង ក្រោយ ការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ
ញ៉ូវដេលី៖ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក M.J. Akbar បានលាលែងពីតំណែង នៅថ្ងៃពុធនេះ ស្របពេលដែលមានការចោទប្រកាន់ ចំពោះរូបលោក ពីបទរំលោភផ្លូវភេទ ដោយស្ត្រីជាអ្នកសារព័ត៌មានជាច្រើននាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំងនឹង ការចោទប្រកាន់មិនពិត ដែលធ្វើប្រឆាំងមកលើរូបលោកនេះ។
បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ដោយស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែលបានធ្វើការជាមួយលោក នៅពេលដែលលោក បម្រើការងារជាអ្នកនិពន្ធសារព័ត៌មាន លោក Akbar បានដាក់ពាក្យបណ្តឹងបរិហាកេរ្តិ៍ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។
ស្របពេលនោះ បន្ទាប់ពីលោក Akbar បានដាក់ពាក្យបណ្តឹងបរិហាកេរ្តិ៍ ប្រឆាំងនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជាអ្នកសារព័ត៌មាន ដែលបានចោទប្រកាន់រូបលោក ពីបទរំលោភផ្លូវភេទ រយៈពេលជាច្រើនឆ្នាំមកហើយនោះ, មានស្ត្រីជាអ្នកសារព័ត៌មាន ប្រមាណ២០នាក់ ដែលធ្វើការនៅក្រោមលោក នៅកន្លែងផ្សេងគ្នា នាពេលនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេក៏ស្នើឲ្យតុលាការ ធ្វើការពិចារណា លើភស្តុតាងនៃការបំពានផ្លូវភេទ លើរូបពួកគេ ដោយលោក Akbar និងអ្នកដទៃទៀត ដែលនឹងធ្វើជាសាក្ខីភាព ចំពោះការរំលោភបំពានផ្លូវភេទ របស់លោករដ្ឋមន្ត្រីការបរទេស៕