ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណ ដាក់បញ្ចាំដើម្បីខ្ចីប្រាក់, ករណីរកឃើញ ត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាជីវកម្មនោះតែម្ដង

61

 

ភ្នំពេញ ៖ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្តីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន។

ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ញាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់នូវ សិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។

ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ក្រសួងមហាផ្ទៃ សូមធ្វើ ការណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

១. ត្រូវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណ ទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួល បញ្ចាំទាំងនោះវិញ។

២. ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិការកម្ចីជនបទក្នុង ប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែល ជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។

៣. ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីការហាម ឃាត់ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ពិសេសលិខិតលេខ ៧ ០២៣ ១២២.ស.ជ.ណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជា ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅ ស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។

៤. ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាល រាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវីធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។

៥. ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬ កន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្ដល់ ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។

៦. ត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងរូបភាព សំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាពិសេសយោងតាមស្មារតីនៃមាត្រា១២៩ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) នៃច្បាប់ស្តីពីអត- នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានចែងអំពីការមិនអនុញ្ញាតឱ្យយកអត្ត- សញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិ- ភោគប្រត្យក្ស (បញ្ចាំ…)។

ទទួលបានសេចក្ដីណែនាំ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង