ក្រុមយុវជន ចាប់ផ្តើមនិយាយពី ការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព
ភ្នំពេញ៖ បេក្ខជនទាំង១០រូប ត្រូវឡើងនិយាយសាធារណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមប្រធានបទ” ការអនុវត្តបរិស្ថានគ្មានផ្សែងបារី”។ ជួបគ្នាប្រកួតក្នុងកម្មវិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ តុលា ២០១៨ នៅសាលប្រជុំមន្ទីរពេទ្យកុមារជាតិ។ ការប្រកួតកម្មវិធីនិយាយសាធារណៈ ត្រូវផ្តោតទៅលើបីចំណុច គឺទីកន្លែងណាខ្លះដែលត្រូវបានហាមឃាត់មិនឲ្យជក់បារី អ្នកណាខ្លះមានតួនាទីអនុវត្តអនុក្រឹត្យ និងការសង្កេតឃើញជាក់ស្តែងពីការអនុវត្តនិងសំណូមពរ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា យោងតាមលទ្ធផល នៃការអង្កេតការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅខែមករា ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាប ដែលរៀបចំដោយ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាននៃកន្លែងធ្វើការនិងកន្លែងសាធារណៈ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងលក់គ្រឿងទេសជាដើមប្រមាណ៥៨ ភាគរយ បានប្រាប់ថា ពួកគេយល់ដឹងពីច្បាប់ហាមឃាត់ មិនឲ្យជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង ការបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងទាំងនេះ មានប្រមាណតែ២៩ភាគរយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានថ្លែងថា ទោះបីជាមានការបិទផ្លាកសញ្ញាហាមជក់បារី អនុវត្តបានល្អនៅកន្លែងមួយចំនួន ក៏ប៉ុន្តែយើងនៅតែសង្កេតឃើញមាន អ្នកកំពុងជក់បារី ក្នុងអាគារនៅកំឡុងពេលនៃការអង្កេត។ ជាក់ស្តែង ៤៤ភាគរយ នៃគ្រឹះស្ថានសាសនា ៣៣ភាគរយ នៃសាលាសង្កាត់ ២៥ភាគរយ នៃបុស្តិ៍នគរបាល ១៥ភាគរយ នៃភោជនីយដ្ឋាន/អាហារដ្ឋាន/ហាងកាហ្វេ ៧ភាគរយ នៃសណ្ឋាគារ/ផ្ទះសំណាក់ ឃើញមានអ្នកកំពុងជក់បារីនៅក្នុងអាគារ។
ការអនុវត្តបរិស្ថានគ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម បុគ្គលិក និងអតិថិជនដែលចូលមកទទួលសេវាកម្មនៅទីតាំងនេះផ្ទាល់ ក្នុងនោះការទទួលបានសុខភាពល្អ និងការចំណេញថវិកាគឺជាអ្វីដែលត្រូវទទួលបានភ្លាមៗពីការអនុវត្តនេះ។
សូមបញ្ជាក់ថា យោងអនុក្រឹត្យស្ដីពី ការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការឬកន្លែងសាធារណៈ អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្មមានតួនាទី បិទសញ្ញាហាមជក់បារី ក្នុងទីតាំងអាជីវកម្មរបស់ខ្លួន មិនតាំងចានគោះបារី អញ្ជើញអ្នកកំពុងជក់បារីឲ្យចេញក្រៅជាដើម។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា គោលបំណងនៃកម្មវិធីប្រកួត និយាយជាសាធារណៈ ក្រោមប្រធានបទ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី គឺដើម្បីបំផុសយុវជនស្វែងយល់ ពីអនុក្រឹត្យនេះនិងលើកជាអនុសាសន៍ ដើម្បីឲ្យការអនុវត្តបរិស្ថានគ្មានផ្សែងបារីកាន់តែប្រសើរ។
យុវជន១០នាក់នឹងប្រកួតសម្ថភាពនិយាយជាសាធារណៈ ទៅលើប្រធានបទ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ មានតែយុវជនតែ៥នាក់ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រ។ យើងដឹងហើយថា ផ្សែងបារីមានគ្រោះថ្នាក់ ចំពោះអ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្ស៧លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបណ្តាលមកពី ការប្រើប្រាស់ថ្នាំជក់ ក្នុងនោះជិត១លាននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ ចំពោះប្រទេសកម្ពុជា ថ្នាំជក់បានសម្លាប់មនុស្សប្រមាណ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំ៕